(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានព្រមានបណ្ដាប្រទេសលោកខាងលិចថារុស្ស៊ីនឹងមិន បញ្ឈប់សង្គ្រាមនៅត្រឹមអ៊ុយក្រែនឡើយ ហើយការវាយប្រហារដោយសេរីភាព នឹងជះឥទ្ធិពលអាក្រក់ដល់ពិភពលោកទាំងមូល។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ៍ ទី៨ ខែមីនា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC កាលពីថ្ងៃចន្ទសប្តាហ៏នេះ លោក ហ្សេលេនស្គី ក៏បានលើកឡើងជាថ្មីផងដែរអំពីតម្រូវការក្នុងការធានា ដែនអាកាសរបស់អ៊ុយក្រែន និងបានជំរុញឲ្យសហរដ្ឋអាមេរិក រួមទាំងអង្គការ NATO ជួយជាថ្មីម្តងទៀត។

លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «យើងមិនអាចអនុញ្ញាតឲ្យរុស្ស៊ីធ្វើសកម្មភាពទាំងនេះបានទេ, រុស្ស៊ីបានទម្លាក់គ្រាប់បែក, បាញ់ផ្លោងមីស៊ីល មកលើពួកយើង និងបញ្ជូនឧទ្ធម្ភាគចក្រ, យន្តហោះចម្បាំងជាច្រើន»។ យើងមិនអាចគ្រប់គ្រងដែនអាកាសរបស់យើងបាននោះទេ។

លោកបន្ថែមថា៖ «គ្រាប់មីស៊ីលបានវាយប្រហារសំណង់ស៊ីវិល រួមទាំងសាកលវិទ្យាល័យ និងគ្លីនិកកុមារ ប្រសិនបើពួកគេបាញ់ផ្លោងមីស៊ីល យើងគ្មាន ជម្រើសអ្វីក្រៅពីការបាញ់ទម្លាក់ដើម្បីការពារអាយុជីវិតប្រជាជនរបស់យើង»