(តូក្យូ)៖ ជប៉ុន បានប្រកាសបង្កកទ្រព្យសម្បត្តិនៃក្រុមមន្ត្រី រួមទាំងអភិជន ឬមហាសេដ្ឋីរុស្ស៊ី និងបេឡារុសចំនួន ៣២នាក់បន្ថែមទៀត ជុំវិញសង្រ្គាម នៅអ៊ុយក្រែន។ នេះបើតាមក្រសួងហិរញ្ញវត្ថុជប៉ុន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់ថាជប៉ុនក៏នឹងហាមឃាត់ការនាំចេញបរិក្ខាចម្រាញ់ប្រេងទៅកាន់ រុស្ស៊ី ក៏ដូចជាការនាំចេញបរិក្ខានានា សម្រាប់ក្រសួងការពារជាតិបេឡារុស ផងដែរ។

ការប្រកាសពីការបង្កកទ្រព្យសម្បត្តិ នឹងត្រូវអនុវត្តលើក្រុមមន្ត្រី និងអភិជនរុស្ស៊ីចំនួន ២០នាក់ និងបេឡារុស ១២នាក់។ ចំណែកឯ ក្រុមមន្ត្រីរុស្ស៊ី ដែលនឹងត្រូវបានជប៉ុនបង្កកទ្រព្យសម្បត្តិ រួមមានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) និងមេដឹកនាំឆេកឆិនរុស្ស៊ី លោក រ៉ាមហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov)៕