(យូអិន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបរាជ័យក្នុងការបញ្ចុះបញ្ចូលចិន និងរុស្ស៊ី ឱ្យគាំទ្រអត្ថបទមួយរបស់ អង្គការសហប្រជាជាតិ (UN) ដែលបានកត់សម្គាល់អំពីការបំពានលើដំណោះស្រាយស្ដីពីបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើង។ នេះបើតាមចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានឱ្យដឹងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះថា ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងប្រព័ន្ធផ្កាយរណប ឈ្លបយកការណ៏របស់ខ្លួន ប៉ុន្តែអ្នកវិភាគបានថា វាជាការសាកល្បងបាញ់ផ្លោងមីស៊ីលបាលិស្ទីគ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតី កូរ៉េខាងត្បូងក្នុងសប្ដាហ៍នេះ។

ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ ហ្រ្គីនហ្វៀល (Linda Thomas-Greenfield) បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន AFP ដូច្នេះថា «យើងចង់ឱ្យប្រទេសចិន និងរស្ស៊ី ចូលរួមជាមួយពួកយើង ដើម្បីអនុម័តលិខិតថោ្កលទោសនេះ»។ លោកស្រីបន្ថែមថា កូរ៉េខាងជើងបានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយការបាញ់ផ្លោងមីស៊ីលចំនួន១០លើក ចាប់តាំងពីដើមឆ្នាំនេះមក៕