(ឡុងដ៍)៖ រុស្ស៊ី បានប្រាប់អ៊ុយក្រែនថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ ប្រសិនបើអ៊ុយក្រែនអាចបំពេញតាមលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូ ហើយនេះគឺជាការបង្ហើបត្រង់ៗមកទល់នឹងពេលនេះ ពីលក្ខខណ្ឌបញ្ចប់សង្រ្គាមដែលបានឈានចូលដល់ថ្ងៃទី១២។ នេះបើតាមអ្នកនាំពាក្យ វិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Reuters នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ថារុស្ស៊ីបានស្នើអ៊ុយក្រែនឱ្យបញ្ឈប់សកម្មភាពយោធា, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យក្លាយជាប្រទេសអព្យាក្រឹត, ទទួលស្គាល់ ឧបទ្វីបគ្រីមេថាជាទឹកដីរុស្ស៊ី និងទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺ ដូណេត (Donetsk) និង លូហ្កាន់ (Lugansk) ជារដ្ឋឯករាជ្យ។ ប៉ុន្តែ ខាងអ៊ុយក្រែនមិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ជុំវិញការលើកឡើងរបស់លោក ប៉េស្កូវ។

គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន ដោយចាប់ផ្ដើមចេញពីតំបន់ភាគខាងជើង, ខាងកើត ឆ្ពោះទៅតំបន់ភាគខាងត្បូង ក្នុងនោះ រួមមានទីក្រុងកៀវ, ទីក្រុងខាកៀវ និងទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈមក។ តែយ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹង ការចោទប្រកាន់ លោក ប៉េស្កូវបានអះអាងថារុស្ស៊ីគ្មានចេតនាកាន់កាប់ទឹកដីអ៊ុយក្រែនឡើយ៕