(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថារុស្ស៊ី បាន និងកំពុងជ្រើសរើសក្រុមអ្នកប្រយុទ្ធមកពី ប្រទេសស៊ីរី និងបណ្ដាប្រទេសមួយចំនួន ខណៈកងទ័ពរបស់ខ្លួនកំពុងបង្កើនការវាយលុកលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។

Wall Street Journal ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីនៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងទៀតថារុស្ស៊ីដែលបានបើកការវាយប្រហារលើអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក បានជ្រើសរើសក្រុមអ្នកប្រយុទ្ធមកពីប្រទេសស៊ីរី កាលពីពេលថ្មីៗនេះ ដើម្បីជួយកងទ័ពរុស្ស៊ី ក្នុងការវាយកាន់កាប់ទីក្រុងកៀវ។

ក្រុមមន្ត្រីអាមេរិកដដែល ក៏បានបញ្ជាក់ដែរថាក្រុមអ្នកប្រយុទ្ធស៊ីរីមួយចំនួន កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ីហើយ និងត្រៀមខ្លួនចូលរួមក្នុងសង្រ្គាមនៅ អ៊ុយក្រែន។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ថាតើទាហានស៊ីឈ្នួលទាំងនោះមានចំនួនប៉ុន្មាននាក់ ឬមានសមត្ថភាពកម្រិតណានោះទេ។ រីឯទីក្រុងម៉ូស្គូដែល បានចូលរួមក្នុងសង្រ្គាមស៊ីវិលស៊ីរី តាំងពីឆ្នាំ២០១៥មក ដើម្បីគាំទ្រកងកម្លាំងរដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់អាសាដ ក៏មិនទាន់ ធ្វើអត្ថាធិប្បាយអ្វីដែរ។ ប៉ុន្តែ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរពីរឿងនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានអះអាងថាលោក ជឿជាក់លើរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន Wall Street Journal៕