(វ៉ាសូវី)៖ នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូឯកជនជាមួយក្រុមអ្នកតំណាងរាស្ត្រអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅនេះ, ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានស្នើដោយឥតលាក់លៀមឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ជូនយន្ដហោះចម្បាំងមកឱ្យកងទ័ព របស់ខ្លួនដែលកំពុងប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសហរដ្ឋអាមេរិក បានបើក «ភ្លើងបៃតង» ចំពោះសំណើរបស់ លោក ហ្សេលេនស្គី។ ប៉ុន្តែ អាមេរិកនឹងមិនបញ្ជូន ឬប្រគល់យន្ដហោះចម្បាំងរបស់ខ្លួនឱ្យអ៊ុយក្រែនទេ តែកំពុងស្នើឱ្យប៉ូឡូញ បញ្ជូនយន្ដហោះចម្បាំង សល់ពីសម័យអតីតសហភាពសូវៀតជំនួសវិញ ជាមួយការសន្យាថានឹងសងយន្ដហោះចម្បាំង F-16s ឱ្យប៉ូឡូញនៅក្នុងករណីដែលយន្ដហោះចម្បាំង របស់ពួកគេខូចខាត ឬបាត់បង់នៅក្នុងសង្រ្គាមអ៊ុយក្រែន។

តែទោះជាយ៉ាងនេះក្ដី ទាំងសំណើពីអ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ហើយកាន់តែមិនច្បាស់លាស់ទៅទៀត នោះគឺប៉ូឡូញផ្ទាល់តែម្ដង។ ដោយសាររុស្ស៊ីទើបតែព្រមានថាប្រទេសណាក៏ដោយ ឱ្យតែបង្កើត «តំបន់គ្មានការហោះហើរ» ឬ «ផ្ដល់ជំនួយគំាទ្រដល់ កងទ័ពអាកាសអ៊ុយក្រែន» គឺមានន័យស្មើថាពួកគេចូលរួមក្នុងជម្លោះជាមួយរុស្ស៊ី។

* ហេតុអ្វីអ៊ុយក្រែន ត្រូវការយន្ដហោះចម្បាំង?

កងទ័ពអាកាសអ៊ុយក្រែន កំពុងប្រើប្រាស់យន្ដហោះចម្បាំងផលិតនៅជំនាន់អតីតសហភាពសូវៀត នោះគឺ Mig-29 និង Su ដើម្បីការពារដែនអាកាស និងទឹកដីរបស់ខ្លួនក្នុងសង្រ្គាមជាមួយរុស្ស៊ី ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ អ៊ុយក្រែន បានស្នើសុំជំនួយជាយន្ដហោះចម្បាំងពីអាមេរិក និងប្រទេសជាសម្ពន្ធមិត្ត ក្នុងគោលដៅបន្តបេសកកម្មការពារប្រទេសក្នុងរយៈពេលវែង។ បើប្រៀបធៀបជាមួយរុស្ស៊ី កងទ័ពអាកាសអ៊ុយក្រែន នៅខ្សោយខ្លាំងណាស់ បើទោះជាពីឡុតអ៊ុយក្រែន នៅតែបន្តតស៊ូប្រយុទ្ធក៏ដោយ។

* ហេតុអ្វីអាមេរិកខ្លួនឯង មិនបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន?

បើគេមិននិយាយពីការភ័យខ្លាចធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ីទេ, មូលហេតុដែលអាមេរិក មិនបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន គឺដោយសារបញ្ហាបច្ចេកទេស និងសមត្ថភាពរបស់ពីឡុតអ៊ុយក្រែន។ ពីឡុតអ៊ុយក្រែន មិនបានទទួលការបណ្ដុះបណ្ដាលក្នុងការបញ្ជា ឬប្រើយន្ដហោះ ចម្បាំងអាមេរិកនោះទេ ដោយយន្ដហោះចម្បាំងដែលពួកគេកំពុងប្រើជាប្រភេទយន្ដហោះចម្បាំងសល់ពីអតីតសម័យសូវៀត គឺ MiG-29 ឬ Su ហើយ គាប់ជួន បណ្ដាប្រទេសជាសមាជិក NATO ដូចជាប៉ូឡូញ, ប៊ុលហ្ការី និងស្លូវ៉ាគី មានយន្ដហោះ MiG-29 or Su នេះស្រាប់។

ប៉ូឡូញ បានបង្ហាញចំណាប់អារម្មណ៍ចង់បានយន្ដហោះចម្បាំង F-16 ពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ ដើម្បីយកមកធ្វើទំនើបកម្មកងទ័ព អាកាសរបស់ខ្លួន។

* តើប៉ូឡូញឆ្លើយតបយ៉ាងដូចម្ដេច ចំពោះសំណើអាមេរិក?

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសហរដ្ឋអាមេរិកបានបើកភ្លើងបៃតង ឱ្យប៉ូឡូញបញ្ជូនយន្ដហោះចម្បាំងទៅឱ្យ អ៊ុយក្រែន។ លោក Blinken ធ្វើការសម្គាល់បែបនេះ នាឱកាសបំពញទស្សនកិច្ចក្នុងប្រទេសម៉ុលដូវ៉ា (Moldova) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងកំពុងស្វះស្វែង ដើម្បីឱ្យប៉ូឡូញបញ្ជូនយន្ដហោះ ចម្បាំងទៅឱ្យអ៊ុយក្រែន ហើយយើងនឹងផ្ដល់យន្ដហោះចម្បាំង (F-16) ប្រសិនបើប៉ូឡូញបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន»។ ប៉ុន្តែ ខ្ញុំមិនទាន់អាច និយាយពីកាលបរិច្ឆេទបានឡើយ ដោយខ្ញុំគ្រាន់តែប្រាប់អ្នកទាំងអស់គ្នាថាយើងកំពុងស្វះស្វែង»។

ប៉ុន្តែភ្លាមៗ ប៉ូឡូញបានបង្ហាញការស្ទាក់ស្ទើរចំពោះសំណើរបស់សហរដ្ឋអាមេរិក។ «មកទល់នឹងពេលនេះ, ខ្ញុំគ្រាន់តែនិយាយបានថាមិនទាន់មាន ការសម្រេចចិត្តណាមួយឡើយ ពាក់ព័ន្ធនឹងប្រធានបទនេះ (បញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន)»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាល ប៉ូឡូញ លោក ពីយ៉ុត មូលល័រ (Piotr Mueller)។ លោក Mueller ថែមទាំងបានច្រានចោលផងដែរចំពោះការចោទប្រកាន់ដែលថាប៉ូឡូញអនុញ្ញាតឱ្យ យន្ដហោះចម្បាំងអ៊ុយក្រែន ប្រើប្រាស់ព្រលានយន្ដហោះរបស់ខ្លួន។ រុស្ស៊ីកាលពីពេលថ្មីៗនេះបានចោទប្រកាន់ថារូម៉ានី និងបណ្ដាប្រទេសមួយចំនួន ថាបានអនុញ្ញាតឱ្យយន្ដហោះចម្បាំងអ៊ុយក្រែន ប្រើប្រាស់ព្រលានយន្ដហោះរបស់ពួកគេ តែមិនបានបញ្ជាក់ចំៗឈ្មោះថាប្រទេសណាមួយនោះទេ។

* អ្វីទៅធ្វើឱ្យប៉ូឡូញ ស្ទាក់ស្ទើរ?

តាមពិតទៅ, មិនមែនមានតែប៉ូឡូញទេ ដែលស្ទាក់ស្ទើរក្នុងការបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន។ ពោលគឺសូម្បីតែសហរដ្ឋអាមេរិកខ្លួនឯង ក៏មាន ការស្ទាក់ស្ទើរផងដែរ។ ខណៈបង្ហាញជំហរគាំទ្រអ៊ុយក្រែន, ប៉ូឡូញកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំ និងការសម្រេចចិត្តមួយដ៏ពិបាក ជុំវិញ
ការបញ្ជូនយន្ដហោះចម្បាំងឱ្យទីក្រុងកៀវ។ ពីព្រោះថា រុស្ស៊ីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានព្រមានត្រង់ៗទៅកាន់បណ្ដាប្រទេសក្បែរខាងអ៊ុយក្រែន កុំអនុញ្ញាតឱ្យយន្ដហោះចម្បាំងអ៊ុយក្រែន ឈរជើងនៅលើទឹកដីរបស់ពួកគេឱ្យសោះ ដ្បិតទីក្រុងម៉ូស្គូនឹងចាត់ទុកថាទង្វើបែបនេះមានន័យស្មើនឹង ចូលរួមដោយផ្ទាល់ ឬជាការប្រកាសសង្រ្គាមដោយចំហប្រឆាំងនឹងរុស្ស៊ី។

ប៉ូឡូញ ក៏ជាប្រទេសអឺរ៉ុបមួយដែលមានព្រំដែនជាប់រុស្ស៊ីផងដែរ ហើយមានព្រំដែនយ៉ាងវែងអន្លាយជាប់ប្រទេសបេឡារុស ដែលជាសម្ពន្ធមិត្តរបស់ រុស្ស៊ី។ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាសូវី មានភាពតានតឹងនឹងគ្នាស្រាប់ តាំងពីរដ្ឋាភិបាលដឹកនាំដោយអ្នកនយោបាយស្ដាំនិយម ឡើងកាន់ អំណាចនៅប៉ូឡូញ នៅឆ្នាំ២០១៥។

* តើមានជម្រើសផ្សេង ដែរឬទេ?

ការបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ខណៈ NATO មិនមានការប្ដេជ្ញាចិត្ត ហើយអាមេរិកមិនចង់មានជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី គឺជារឿងដ៏ ស្មុគស្មាញ។ ទោះបីជាប៉ូឡូញ ឬប្រទេសណាផ្សេងយល់ព្រមបញ្ជូនយន្ដហោះចម្បាំង MiG របស់ពួកគេឱ្យអ៊ុយក្រែនក៏ដោយ តែសួរថាតើយន្ដហោះ ចម្បាំងទាំងនេះត្រូវដាក់ឱ្យឈរជើងនៅទីណា ខណៈយន្ដហោះទាំងនេះមិនអាចឈរជើងនៅលើទឹកដី NATO ឡើយ។ ម្យ៉ាងវិញទៀត វាក៏មិនច្បាស់ នោះដែរថាតើអ៊ុយក្រែនមានសមត្ថភាពប្រើប្រាស់យន្ដហោះចម្បាំងឱ្យមានសុវត្ថិភាព ឬអាចប្រើក្នុងរយៈពេលវែងបានដែរ ឬយ៉ាងណាដោយសារតែ សង្រ្គាមបច្ចុប្បន្ន។

សំណួររឹតតែសំខាន់ទៅទៀត, នោះគឺថាតើគេគួរតែបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ដោយរបៀបណា? ពីឡុតប៉ូឡូញ ក៏ជាពីឡុតរបស់ NATO ដែរ ដែលនេះអាចនឹងរុញឱ្យបក្សសម្ពន្ធយោធាមួយនេះស្ថិតនៅក្នុងហានិភ័យនៃជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។ ម្លោះហើយ ពួកគេមិនអាចហោះយក យន្ដហោះចម្បាំងទៅឱ្យអ៊ុយក្រែន ហើយក៏មិនអាចឱ្យពីឡុតអ៊ុយក្រែន មកយកយន្ដហោះ ហោះត្រឡប់ទៅវិញបាននោះដែរ ដ្បិតវាសកម្មភាពដូចគ្នា ដែលស្ថិតនៅក្រោមការព្រមានរបស់រុស្ស៊ី។

បន្ថែមពីលើនេះ, វានៅមានបញ្ហាក្នុងការផលិត និងរយៈពេលប្រគល់យន្ដហោះចម្បាំង F-16។ បានន័យថាប្រសិនបើមានប្រទេសមួយ ឬច្រើនសុខចិត្ត បិរច្ចាគយន្ដហោះចម្បាំង MiGs ឬ Su ឱ្យទីក្រុងកៀវ ថាតើពួកគេត្រូវការពេលប៉ុន្មាន ដើម្បីទទួលបានយន្ដហោះចម្បាំង F-16 ពីសហរដ្ឋអាមេរិក មកបំពេញយន្ដហោះរបស់ពួកគេដែលបាត់បង់៕

ប្រភព៖ AP (ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២)