(អឺរ៉ុប)៖ តម្លៃឧស្ម័ននៅអឺរ៉ុបនាថ្ងៃចន្ទនេះ បានលោតឡើងដល់លើស ៣,៨០០ដុល្លារអាមេរិក ក្នុង១,០០០ម៉ែត្រគូប ជាលើកដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២។

តម្លៃឧស្ម័នបាននិងកំពុងបន្តកើនឡើងបែបនេះ ស្របពេលដែលភាគីសំខាន់ៗក្នុងទីផ្សារ កំពុងព្រួយបារម្ភជាខ្លាំងអំពី លទ្ធផលនៃការធ្វើប្រតិបត្តិការយោធារបស់រុស្ស៉ី នៅប្រទេសអ៊ុយក្រែន។ ស្ថានការណ៍ដ៏តានតឹងបំផុតនេះ បានបង្កឱ្យមានការភ័យខ្លាចថា វានឹងឈានទៅដល់ការផ្អាកនៃការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៉ី ដោយសារតែការខូចខាតបណ្តាញបំពង់ឧស្ម័ន ឬមួយដោយសារការបង្កើនទណ្ឌកម្ម របស់ក្រុមប្រទេសលោកខាងលិចប្រឆាំងលើរុស្ស៉ី។

គួរបញ្ជាក់ថា យ៉ាងណាមិញ នៅប៉ុន្មានម៉ោងក្រោយមក តម្លៃឧស្ម័ននៅអឺរ៉ុប បានថយចុះមកវិញនៅត្រឹមខ្ទង់ ៣,០០០ដុល្លារអាមេរិក ក្នុង១,០០០ម៉ែត្រគូប៕