(ដាម៉ាស)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរីបានបណ្តាលឲ្យជនស៊ីវិល ២នាក់ស្លាប់ និងបង្កការខូចខាតមួយចំនួន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។

អ៉ីស្រាអែល បានធ្វើការវាយប្រហារជាជាញឹកញាប់ ប្រឆាំងនឹងអ្វីដែលខ្លួនបានពណ៌នាថាមានគោលដៅទៅលើឃ្លាំងអាវុធរបស់អ៉ីរ៉ង់ ក្នុងប្រទេសស៊ីរី និងទីតាំងដែលកងជីវពលស៊ីអ៉ីតគំាទ្រដោយអ៉ីរ៉ង់ រួមទាំងក្រុមហេសបូឡាលីបង់ កំពុងធ្វើសកម្មភាព ក្នុងរយៈពេលមួយទសវត្សរចុងក្រោយនេះ ដើម្បីគាំទ្រប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ក្នុងសង្រ្គាមស៊ីរី។ យោធាស៊ីរី បន្ថែមថាប្រព័ន្ធការពារដែនអាកាសរបស់ពួកគេបានបាញ់ ទម្លាក់មីស៊ីលអ៉ីស្រាអែលបានភាគច្រើនផងដែរ។

គួរបញ្ជាក់ថា កងទ័ពស៊ីរី ៣នាក់ ក៏ធ្លាប់ត្រូវបានសម្លាប់ផងដែរ ក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែ្កតរបស់អ៉ីស្រាអែល នៅក្បែរទីក្រុងដាម៉ាស កាលពីខែកុម្ភៈ កន្លងទៅនេះ៕