(ឡាអេ)៖ អ៊ុយក្រែន នឹងស្នើឱ្យតុលាការកំពូលនៃអង្គការសហប្រជាជាតិ ចេញសេចក្តីសម្រេចបន្ទាន់មួយ ដែលតម្រូវឱ្យរុស្ស៊ីបញ្ឈប់ ប្រតិបត្តិការយោធា ដោយសំអាងថាការចោទប្រកាន់របស់ទីក្រុងម៉ូស្គូ ជុំវិញការប្រល័យពូជសាសន៍គឺជាបកស្រាយខុសពីមូលដ្ឋានច្បាប់។ នេះបើ ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា «ប្រតិបត្តិការយោធាពិសេស» របស់ទីក្រុងម៉ូស្គូគឺចាំបាច់ធ្វើឡើង ដើម្បីការពារប្រជាជន ដែលបានទទួលរងនូវការគំរាមកំហែង និងអំពើប្រល័យពូជសាសន៍ ជាពិសេសអ្នកដែលប្រើភាសារុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ប៉ុន្តែនៅក្នុងបណ្តឹងរបស់ខ្លួន អ៊ុយក្រែនបានបញ្ជាក់ថា ការលើកឡើងរបស់រស្ស៊ីអំពីអំពើប្រល័យពូជសាសន៍គឺមិនពិត ហើយក្នុងករណីណាក៏ដោយ ក៏មិនមានការផ្តល់យុត្តិកម្ម ឬហេតុផលស្របផ្លូវច្បាប់ សម្រាប់សង្រ្គាមសព្វថ្ងៃនេះនោះទេ។

តុលាការកំពូលទីក្រុងឡាអេ មានកាតព្វកិច្ចផ្តល់នូវសេចក្តីសម្រេច ហើយប្រទេសនានាជាអ្នកត្រូវប្រតិបត្តិតាម តែគេមានសង្ឃឹមតិចណាស់ថា នឹងមានអនុវត្តជាក់ស្តែង ឬរុស្ស៊ីអនុវត្តតាម៕