(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានព្រមានថារុស្ស៊ីកំពុងត្រៀមខ្លួនបើកការវាយប្រហារ លើទីក្រុង អូដេសសា (Odessa) ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្រដ៏សំខាន់របស់អ៊ុយក្រែន ក្នុងតំបន់សមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់នៅលើទំព័រ Facebook កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ពីមុន, ប្រជាជនរុស្ស៊ីធ្លាប់ធ្វើដំណើរមកកាន់ទីក្រុង Odessa ហើយពួកគេត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចុះឥលូវនេះ? កាំភ្លើងធំ, គ្រាប់បែក ប្រឆាំងនឹងទីក្រុង Odessa ទៅវិញ។ វានឹងក្លាយជាបទឧក្រិដ្ឋសង្រ្គាម ពោលគឺបទឧក្រិដ្ឋសង្រ្គាមជាប្រវត្តិសាស្ត្រ»។

គួរបញ្ជាក់ថា ជុំវិញការព្រមានរបស់លោក ហ្សេលេនស្គីនេះដែរ, សហរដ្ឋអាមេរិកបាននិយាយថាខ្លួនមិនជឿទេថារុស្ស៊ីអាចនឹងបើកការវាយប្រហារ ភ្លាមៗ ឬក្នុងពេលដ៏ខ្លីលើទីក្រុង Odessa៕