(ឡុងដ៍)៖ ប៉ូលិសរុស្ស៊ីបានចាប់ខ្លួន មនុស្សច្រើនជាង ៤,៣០០នាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងសង្រ្គាម របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន។ នេះបើក្រុមអ្នកឃ្លាំមើលបាតុកម្មតវ៉ានៅរុស្ស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។

តាមរយៈវីដេអូ ដែលបង្ហោះដោយក្រុមសកម្មជនបក្សប្រឆាំង និងអ្នកធ្វើ blog បង្ហាញថាបាតុកររាប់ពាន់នាក់បានស្រែកថា «កុំធ្វើសង្រ្គាម និង វាជារឿងដ៏អាម៉ាស់សម្រាប់អ្នក ដែលចងសំដៅលើលោក ពូទីន»

វីដេអូនេះដដែលក៏បានបង្ហាញផងដែរពីសម្មភាពប៉ូលិសរុស្ស៊ី ចាប់ខ្លួនបាតុកររាប់សិបនាក់នៅក្នុងទីក្រុង យូរ៉ាល់( Urals )នៃរដ្ឋ យេកាធើរីនប៊ឺគ (Yekaterinburg) ខណៈមានសេចក្ដីរាយការណ៍ពីការផ្ទុះហិង្សារវាងបាតុករ និងប៉ូលិស។

មកទល់នឹងពេលនេះ គឺគេមិនទាន់អាចបញ្ជាក់ពីតួលេខអ្នកដែលត្រូវបានចាប់ខ្លួននៅឡើយទេ។ ប៉ុន្តែ បើតាមក្រសួងមហាផ្ទៃរុស្ស៊ី ប៉ូលិសបានចាប់ខ្លួនមនុស្សប្រហែល ៣,៥០០នាក់ ក្នុងនោះរួមមានទាំង១,៧០០នាក់ ក្នុងទីក្រុងម៉ូស្គូ, ៧៥០នាក់ ក្នុងទីក្រុងសាំង ភីពធើស្បឺគ (St Petersburg) និង១,០៦១នាក់ នៅតាមទីក្រុងជាច្រើនទៀតកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ៕