(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ថារដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាឱ្យយោធារបស់ខ្លួនបំផ្លាញភស្តុតាងនៃអាវុធជីវសាស្ត្រដែល ផ្ដល់ជំនួយដោយសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការបំផ្លាញហ្សែននៃវីរុសជាច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។

ការអះអាងខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ី កើតមានឡើង បន្ទាប់ពីសេចក្ដីរាយការណ៍ថាកងទ័ពរុស្ស៊ី បានបើកការវាយប្រហារដោយមាន គោលដៅលើមន្ទីរពិសោធន៍មួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន ដែលដំណើរការក្រោមជំនួយហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ, ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ដូច្នេះថា «យើងទទួលបាន ឯកសារជាច្រើនពីបុគ្គលិកនៃមន្ទីរពិសោធន៍របស់អ៊ុយក្រន ជុំវិញការបំផ្លាញកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ជាបន្ទាន់នូវភស្ដុតាងនានាដែលមាន ជាប់ពាក់ព័ន្ធនឹងហ្សែននៃវីរុសដ៏កាចសាហាវជាច្រើន ក្នុងនោះរួមមានទាំងវីរុសនៃជំងឺអង់ត្រាក់ ជាដើម»។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយឆ្លើយតបទៅនឹងការចោទប្រកាន់របស់ទីក្រុងម៉ូស្គូ នៅឡើយទេ៕