(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាលោកស្វាគមន៍ ចំពោះកិច្ចចរចាស្ដីពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេស អ៊ុយក្រែន ចំពោះមុខការបារម្ភពីការលេចធ្លាយសារធាតុវិទ្យុសកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ នៅក្នុងកិច្ចសន្ទនានោះ លោក ពូទីន ក៏បានចោទប្រកាន់ផងដែរថាក្រុមអ្នកជាតិនិយមអ៊ុយក្រែន បានធ្វើសកម្មភាពបង្ករឿងនៅឯ រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia)។ លោកបន្ថែមដូច្នេះថា «ការព្យាយាមទម្លាក់កំហុសលើយោធារុស្ស៊ី ចំពោះហេតុការណ៍ គ្រោះថ្នាក់នេះ គឺជាយុទ្ធនាការឃោសនាដ៏អគតិ»

គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៊ីស្វាគមន៍ចំពោះកិច្ចចរចាស្ដីពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនមែន រោងចក្រនុយក្លេអ៊ែរ ឈ័រណូប៊ីល (Chernobyl) ដែលត្រូវបានស្នើឡើងដោយអគ្គនាយកទីភ្នាក់ថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ម៉ារីយ៉ាណូ ក្រូសស៊ី (Rafael Mariano Grossi) នោះទេ៕