(ម៉ូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បាននិយាយថា ការប្រើវោហារសាស្រ្តធ្ងន់ៗប្រឆាំងរុស្ស៉ី របស់ទីក្រុងវ៉ាស៉ីនតោន បានឈានដល់ចំណុចមួយ ដែលគ្មានហេតុគ្មានផល និងកំពុងបង្កហានិភ័យយ៉ាងខ្លាំងបំផុត សម្រាប់សន្តិសុខអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។

ការមានប្រតិកម្មដូចខាងលើ ពីសំណាក់ទីក្រុងម៉ូស្គូកើតមាន បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក លោក រិគ ស្កុត (Rick Scott) បានលើកឡើងក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា «ការបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៊ុយក្រែន មិនគួរត្រូវមើលរំលងទាំងស្រុងឡើយ។ យើងគួររក្សាជម្រើសគ្រប់ទាំងអស់ឱ្យនៅបើកចំហ ហើយខ្ញុំគិតថា យើងមិនគួរដកជម្រើសនេះ ចេញពីការពិចារណានោះទេ»

ឆ្លើយតបចំពោះការលើកឡើងរបស់លោក Scott លោក Antonov បាននិយាយថា ពាក្យសម្តីនេះ អាចត្រូវចាត់ទុកជា ការអំពាវនាវឱ្យ មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ រវាងកំពូលមហាអំណាចនុយក្លេអ៊ែរពិភពលោកយ៉ាងដូច្នោះ ហើយលោកបានទទូចឱ្យសមាជិកសភាអាមេរិកទាំងឡាយ វិលទៅរកសុភនិច្ឆ័យឡើងវិញ និងធ្វើការដើម្បីស្តារកិច្ចសន្ទនា។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់អ្នកនាំពាក្យសេតវិមាន កាលពីសប្តាហ៍កន្លងទៅ ពុំមានសេណារីយ៉ូណាមួយ ដែលសហរដ្ឋអាមេរិក នឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែននោះឡើយ៕