(អូតាវ៉ា)៖ នៅថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋាភិបាលកាណាដា បានចេញសេចក្តីណែនាំឱ្យ ពលរដ្ឋកាណាដាទាំងអស់ចាកចេញពីប្រទេសរុស្ស៉ី ខណៈទាន់នៅមានមធ្យោបាយសម្រាប់ធ្វើដំណើរ ក្រោមហេតុផលថា ស្ថានការណ៍សន្តិសុខគឺកំពុងពិបាកក្នុងការប៉ាន់ស្មាន ហើយអាចនឹងធ្លាក់ចុះដុនដាបខ្លាំងភ្លាមៗបានគ្រប់ពេល ដោយមិនដឹងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។

ក្នុងសេចក្តីណែនាំថ្មីមួយ រដ្ឋាភិបាលកាណាដា បាននិយាយថា រាល់ការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសរុស្ស៉ី គួរតែចៀសវាង ហើយជនជាតិកាណាដាទាំងឡាយណា ដែលកំពុងស្ថិតនៅទីនោះ គួរតែពិចារណាចាកចេញ ស្របពេលដែលមធ្យោបាយសម្រាប់ធ្វើដំណើរនៅមាន។ ក្រសួងការបរទេសកាណាដា បានលើកឡើងថា ការចេញសេចក្តីណែនាំនេះ គឺដោយសារផលប៉ះពាល់នៃសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ដូចប្រទេសលោកខាងលិចជាច្រើនទៀតដែរ កាណាដាគឺជាប្រទេសមួយ ដែលបានចូលរួមដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើប្រទេសរុស្ស៉ី ក្រោយការវាយប្រហារចូលអ៊ុយក្រែន៕