(កៀវ)៖ អាជ្ញាធរស៉ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យដឹងថា សមាជិកមួយរូបនៃប្រតិភូកិច្ចចរចាសន្តិភាពរបស់អ៊ុយក្រែន បានបាត់បង់ជីវិត កំលុងពេលបំពេញបេសកកម្មពិសេសមួយ បន្ទាប់ពីមានការអះអាងពីខាងរុស្ស៉ីថា បុគ្គលម្នាក់នោះត្រូវបានភ្នាក់ងារសន្តិសុខអ៊ុយក្រែនសម្លាប់ ដោយជាប់សង្ស័យថា ជាជនក្បត់ជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។

អាជ្ញាធរអ៊ុយក្រែនបានអះអាងថា លោក ដេនីស គីរីវ (Denis Kireev) ហើយនិងមន្រ្តីស៉ើបការណ៍សម្ងាត់ ២នាក់ទៀត បានបាត់បង់ជីវិត ពេលបំពេញបេសកកម្មពិសេសមួយ ដើម្បីការពារប្រទេសជាតិ។ លោក Kireev ត្រូវគេសម្គាល់ឃើញថា ជាបុគ្គលដែលមានវត្តមានកំលុងកិច្ចចរចាជុំទីមួយរវាងអ៊ុយក្រែននិងរុស្ស៉ី នៅឯបេឡារុស កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

មុនពេលរដ្ឋាភិបាលអ៊ុយក្រែន បានសរសើរលោក Kireev ជាវីរៈបុរសដែលបានលះបង់ជីវិត ដើម្បីការពារប្រទេសយ៉ាងដូច្នេះ ខាងរុស្ស៉ីក៏ដូចជាសមាជិកសភាអ៊ុយក្រែនមួយចំនួន បានអះអាងថា តាមពិតលោកត្រូវបានភ្នាក់ងារចារកម្មអ៊ុយក្រែនផ្ទាល់សម្លាប់ ក្រោមការសង្ស័យថា រូបលោកជាជនក្បត់ ដែលអាចលួចធ្វើការជាមួយរុស្ស៉ី៕