(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលេនស្គី (Volodymyr Zelenskyy) នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា លោកទើបតែបានជជែកគ្នា តាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងប្រទេសរុស្ស៉ី ខណៈប្រទេសលោកកំពុងបន្តប្រឈមការវាយលុកយ៉ាងតានតឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។

លោក Zelenskyy បានបង្ហោះសារលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «ជាផ្នែកនៃកិច្ចសន្ទនាជាប់ជាប្រចាំ ខ្ញុំទើបតែនិយាយគ្នាជាមួយជាថ្មីម្តងទៀត ជាមួយប្រធានាធិបតីអាមេរិក ដោយរបៀបវារៈនៃកិច្ចសន្ទនា រួមមានបញ្ហាសន្តិសុខ ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន និងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី»

មុនជួបសន្ទានាជាមួយលោក បៃដិន លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានអំពាវនាវទៅកាន់សភាអាមេរិកផងដែរ ដោយស្នើសុំឱ្យមានការផ្តល់ជំនួយបន្ថែម ដល់ប្រទេសដែលកំពុងរងគ្រោះរបស់លោក និងការចុះបញ្ជីខ្មៅចំពោះផលិតផលប្រេងរបស់រុស្ស៉ី។

ពាក់ព័ន្ធកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក Zelenskyy និងលោក បៃដិន សេតវិមានបានសេចក្តីថ្លែងការណ៍ថា រដ្ឋបាលលោក បៃដិន កំពុងប្រឹងប្រែងបង្កើនការជួយជ្រោមជ្រែងផ្នែកសន្តិសុខ មនុស្សធម៌ និងសេដ្ឋកិច្ច ដល់អ៊ុយក្រែន និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសភា ដើម្បីធានាបានការផ្តល់ថវិកាបន្ថែមទៀត៕