(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ កូរ៉េខាងជើងបានធ្វើតេស្តដ៏សំខាន់មួយទៀត សម្រាប់ប្រព័ន្ធផ្កាយរណបស៉ើបការណ៍ បន្ទាប់ពីអាជ្ញាធរយោធារបស់ប្រទេសដទៃទៀតនៅក្នុងតំបន់ បានរាយការណ៍ពីការបាញ់តេស្តមីស៉ីលផ្លោងដោយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។

វាជាការធ្វើតេស្តលើកទីពីរហើយ ទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធផ្កាយរណបស៉ើបការណ៍ ដោយកូរ៉េខាងជើង ក្នុងចន្លោះពេល១សប្តាហ៍ចុងក្រោយនេះ ហើយជាការបាញ់តេស្តមីស៉ីលលើកទី៩ ក្នុងឆ្នាំនេះ សម្រាប់ទីក្រុងព្យុងយ៉ាង។ ដូចទៅនឹងការធ្វើតេស្តកាលពី ថ្ងៃទី២៧ ខែកុម្ភៈ ដែរ ទីភ្នាក់ងារព័ត៌មាន KCNA មិនបានបកស្រាយលម្អិតអំពីប្រព័ន្ធគ្រាប់រ៉ុក្កែត ដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើតេស្តឡើយ ប៉ុន្តែបើតាមអាជ្ញាធរកូរ៉ខាងត្បូង វាទំនងជាមីស៉ីលផ្លោងបាលីស្ទិគ។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង មីស៉ីលកូរ៉េខាងជើងនោះ ត្រូវបានបាញ់ឡើងដល់រយៈកម្ពស់ ៥៦០គីឡូម៉ែត្រ និងហោះបានចម្ងាយ ២៧០គីឡូម៉ែត្រ។ ការធ្វើតេស្តនេះទៀតសោត បានកើតមានឡើង ចំពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនៅថ្ងៃពុធសប្តាហ៍ក្រោយ៕