(កៀវ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍នេះបានព្រមានថាទីក្រុងម៉ូស្គូ នឹងចាត់ទុកភាគីទី៣ណាមួយដែលប្រកាសបង្កើតតំបន់ គ្មានការហោះហើរ នៅក្នុងប្រទេសអ៊ុយក្រែន ថាបានចូលរួមនៅក្នុងជម្លោះប្រដាប់អាវុធដូចគ្នាដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

ថ្លែងនៅឯកិច្ចប្រជុំជាមួយពីក្រុមពីឡុតជាស្ត្រី លោក ពូទីន បានបញ្ជាក់ដូច្នេះថា «ក្នុងពេលត្រឹមតែប៉ុន្មានវិនាទី, យើងនឹងចាត់ទុកថាពួកគេបាន ចូលរួមនៅក្នុងជម្លោះយោធាសព្វថ្ងៃ មិនថាពួកគេជាសមាជិកអង្គការអ្វីនោះទេ»។ បើតាមលោក ពូទីន ការបង្កើតតំបន់គ្មានការហោះហើរ គឺជាការគំរាមកំហែងដល់កងទ័ពរុស្ស៊ី។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក ពូទីន កើតមានឡើងបន្ទាប់ពីលោក ហ្សេលេនស្គី បានចេញមុខរិះគន់ចំៗលើអង្គការ NATO ដែលបានបដិសេធ សំណើរទីក្រុងកៀវ ដែលស្នើឱ្យបង្កើតតំបន់គ្មានការហោះហើរក្នុងប្រទេសអ៊ុយក្រែន ដើម្បីរារាំងការវាយប្រហារតាមផ្លូវអាកាស ឬការទម្លាក់គ្រាប់ បែកពីសំណាក់យន្ដហោះចម្បាំងរុស្ស៊ី៕