(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergei Lavrov) បាននិយាយថាការព្យាយាមរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ចង់ឱ្យ NATO លូកដៃដោយផ្ទាល់នៅក្នុងសង្រ្គាម នឹងមិនអាចជួយអ្វីដល់កិច្ចចរចារវាង ប្រទេសទាំង២ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

លោក ស៊ែរហ្គៃ ឡារ៉ូវ ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍នេះ។ លោកបានបញ្ជាក់ដូច្នេះថា «សេចក្ដីថ្លែងការណ៍ពេញ ដោយកំហឹងរបស់លោក ហ្សេលេនស្គី នឹងមិនអាចបង្កើនភាពសុទិដ្ឋិនិយមណាមួយឡើយ»។ លោក ឡារ៉ូវ ក៏បានសង្កត់ធ្ងន់ផងដែរចំពោះការ រិះគន់របស់លោក ហ្សេលេនស្គី ទៅលើអង្គការ NATO ដែលបានបដិសេធការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន។

លោក ឡារ៉ូវ បានបន្ថែមថា «សំណួររបស់ខ្ញុំនោះគឺ ប្រសិនបើគាត់ (លោក ហ្សេលេនស្គី) មានការអន់ចិត្ត ឬខឹងសម្បារដែល NATO មិនព្រមធ្វើ អន្តរាគមន៍តាមអ្វីដែលលោកចង់បាន ព្រោះរំពឹងថា NATO អាចជួយដោះស្រាយជម្លោះទាំងអស់ ដោយមិនចាំបាច់ឆ្លងកាត់ការចរចាមែនឬ?»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) នៅថ្ងៃសៅរ៍នេះដែរបានអះអាងថាលោកបើកចំហជានិច្ច ចំពោះកិច្ចចរចាជាមួយលោក ឡារ៉ូវ ប៉ុន្តែលុះត្រាតែវាជាកិច្ចចរចាដ៏មានន័យ៕