(ម៉ូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍នេះបានច្រានចោលពាក្យចចាមអារ៉ាមថារុស្ស៊ីអាចនឹងប្រកាសភាពអាសន្ន ឬដាក់ចេញ ច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស ដោយសារតែប្រតិបតិ្តការយោធាលោកខាងលិចហៅថាជាការឈ្លានពាននៅអ៊ុយក្រែន និងទណ្ឌកម្មប្រឆាំង ទីក្រុងម៉ូស្គូ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ លោក ពូទីនបានបញ្ជាក់ដូច្នេះថា «ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសដាក់ចេញនៅក្នុងប្រទេសមួយ ... លុះត្រាតែមានការឈ្លានពានពីបរទេស។ ប៉ុន្តែ យើងមិនមែនកំពុងស្ថិតនៅក្នុងករណីបែបនេះទេ ហើយខ្ញុំសង្ឃឹមថាវាក៏នឹងមិនកើតឡើយដែរ»។

គួរបញ្ជាក់ថា បើតាមលោក ពូទីន ច្បាប់របស់រុស្ស៊ីក៏បានអនុញ្ញាតឱ្យប្រកាសផងដែរនូវស្ថានភាពពិសេស ឬភាពអាសន្នមួយ អាស្រ័យទៅលើ
ការគំរាមកំហែងជាក់លាក់ ឬការបំផ្លិចបំផ្លាញដល់សន្តិសុខជាតិ។ តែរឿងបែបនេះមិនទាន់កើតឡើងចំពោះរុស្ស៊ីទេ ក្នុងពេលបច្ចុប្បន្ន៕