(ឡុងដ៍)៖ វិមានក្រឹមឡាំង នៅថ្ងៃសៅរ៍នេះបានចោទប្រកាន់ថាបណ្ដាប្រទេសលោកខាងលិចកំពុងប្រកាន់ឥរិយាបថដូចជា «ចោរព្រៃ» តាមរយៈ ការផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានលើកឡើងដូច្នេះថា «លោកខាងលិចបាន និងកំពុងប្រកាន់ឥរិយាបថ ដូចជាចោរព្រៃ ដោយដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយទីក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតប»។ លោក ប៉េស្កូវ មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅ ជាវិធានការឆ្លើយតបនោះទេ ដោយគ្រាន់តែបង្ហើបថាវានឹងធ្វើឡើងស្របតាមប្រយោជន៍របស់រុស្ស៊ី។

លោកបន្ថែមថាទណ្ឌកម្មរបស់លោកខាងលិច នឹងមិនអាចធ្វើឱ្យរុស្ស៊ីឯកោនោះទេ។ ពីព្រោះថាពិភពលោកគឺធំល្វឹងល្វើយជាងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ទណ្ឌកម្មមិនអាចធ្វើឱ្យប្រទេសណាមួយឯកោឡើយ កុំថាឡើយប្រទេសធំធេងដូចជារុស្ស៊ី៕