(វ៉ាស៊ីនតោន)៖ រុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានប្រកាសដាក់ចេញបទឈប់បាញ់មួយ នៅក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) និងវ៉ុលណូវ៉ាខា (Volnovakha) ដើម្បីបើកច្រករបៀងមនុស្សធម៌មួយឱ្យប្រជាជនស៊ីវិលក្នុងទីក្រុងទាំង២ ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធរបស់កងទ័ពរុស្ស៊ី អាចចាកចេញបាន។

ទីក្រុង Mariupol និង Volnovakha ត្រូវបានគេចាត់ទុកថាជាច្រកយុទ្ធសាស្រ្ត, តើមកពីហេតុអ្វី?

*Mariupol ៖ គឺជាទីក្រុងកំពង់ផែមួយ ដែលមានប្រជាជន ៤៥ម៉ឺននាក់រស់នៅ និងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ ទីក្រុងនេះ កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី។ ប្រសិនបើ អាចគ្រប់គ្រងទីក្រុងនេះបាន វានឹងផ្តល់ឱ្យរុស្ស៊ីគ្រប់គ្រងកំពង់ផែដ៏ធំបំផុត មួយរបស់អ៊ុយក្រែន ហើយបង្កើតច្រករបៀងផ្លូវគោក នៅរវាងតំបន់គ្រីមេ ដែលរុស្ស៊ីក្រសោបយកកាលពីឆ្នាំ ២០១៤ និងតំបន់លូហាន រួមទាំង ដូណេត ដែលគាំទ្រដោយរុស្ស៊ី។

*Volnovakha ៖ ទីក្រុងតូចមួយនេះប្រហែលជាមិនសូវមានគេស្គាល់ទេ។ វាស្ថិតនៅភាគខាងជើងទីក្រុង Mariupol ហើយបានរងនូវការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ចាប់តាំងពីប្រតិបត្តិការវាយប្រហាររបស់រុស្ស៉ីបានចាប់ផ្តើម។ ទីក្រុងនេះគឺជាចំណុចសំខាន់មួយដែរ ដោយសារ វាស្ថិតនៅលើផ្លូវរវាងនៃទីក្រុង Mariupol និងតំបន់ដូណេត Donetsk ដែលគ្រប់គ្រងដោយរុស្ស៊ី៕