(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថាទីក្រុងម៉ូស្គូចង់បន្តការសន្ទនាជាមួយអ៊ុយក្រែន និងចង់បានសន្តិភាព។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួ នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz), លោក ពូទីនបានសម្តែងក្តីសង្ឃឹម ថាទីក្រុងកៀវនឹងប្រកាន់យក «ជំហរសមហេតុផល និងការស្ថាបនា» ក្នុងអំឡុងកិច្ចចរចាជុំទីបីរវាងរុស្ស៊ី និងអ៊ុយក្រែន។

ដោយឡែក បើតាមលោក មីខាយឡូ ប៉ូដូលយ៉ាក់ (Mykhailo Podolyak) ជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន កិច្ចចរចាសន្តិភាពជុំទី៣ រវាងអ៊ុយក្រែន និងរុស្ស៊ី អាចនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យនេះ (ម៉ោងក្នុងស្រុក)។ លោក Podolyak បន្ថែមថាទាំងរុស្ស៊ី និងអ៊ុយក្រែន ប្រកាន់ជំហរតឹងតែង ដូច្នេះការចរចានឹងមានការលំបាក ប៉ុន្តែការចរចានឹងនៅតែត្រូវបានធ្វើឡើង៕