(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយប្រកាសប្រាប់ពិភពលោកថា នៅពេលនេះសន្តិភាពគឺមានសារៈសំខាន់បំផុត ជាងរឿងអ្វីៗទាំងអស់ ហើយលោកមិនចង់ឱ្យប្រទេសរបស់លោក ជួបប្រវិត្តសាស្ត្រដូចនៅក្នុងសម័យក្រិកបុរាណ ដែលកងទ័ពស្ប៉ាកតាន (Spartans) ៣០០នាក់ ត្រូវតស៊ូប្រយុទ្ធជាមួយកងទ័ពពែក្សរាប់សែននាក់នោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Business insider នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនចង់ឃើញអ៊ុយក្រែន ជួបប្រវត្តិសាស្ត្រដូចសម័យកងទ័ពស្ប៉ាកតាន (Spartans) ៣០០នាក់ ត្រូវតស៊ូប្រយុទ្ធជាមួយ កងទ័ពពែក្សរាប់សែននាក់នោះទេ។ ខ្ញុំត្រូវការសន្តិភាព, ខ្ញុំពិតជាត្រូវការសន្តិភាពសម្រាប់ប្រទេសរបស់ខ្ញុំ»

គួរបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានចូលដល់សប្ដាហ៍ទី២ ហើយក៏មិនទាន់មានសញ្ញាថាសង្រ្គាមនេះនឹងបញ្ចប់នៅពេលណានោះទេ ខណៈប្រជាជនអ៊ុយក្រែនជាង ១លាននាក់ត្រូវភៀសខ្លួនរត់ចោលផ្ទះសម្បែង និងស្រុកកំណើត ដើម្បីគេចចេញពីសង្រ្គាមនេះ៕