(រ៉ូម)៖ រដ្ឋាភិបាលអ៉ីតាលី បានរឹបអូសនាវាមួយគ្រឿងជាកម្មសិទ្ធរបស់មហាសេដ្ឋីជនជាតិរស្ស៉ី នៅសុក្រសប្តាហ៍នេះ និងដែលត្រូវបានគេជឿជាក់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

លោក ហ្វែរឌីណង់ដូ ហ្គីយូគ្លីយ៉ាណូ (Ferdinando Giugliano) ជាទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ របស់នាយករដ្ឋមន្ត្រីអ៉ីតាលី បានឱ្យដឹងថា នាវាឈ្មោះ «Lady M Yacht» មានតម្លៃ ៦៥លានអឺរ៉ូ ឬស្មើនឹងជាង ៧០លានដុល្លារអាមេរិក គឺជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី លោក អាឡិចហ្សី ម័រដាសឆូ (Alexey Mordascho) និងត្រូវបានប៉ូលីសអ៉ីតាលីរឹបអូស នៅតំបន់ Imperia (Liguria) ដោយយោងទៅតាមការដាក់ទណ្ឌកម្មរបស់ សហភាពអឺរ៉ុបកាលពីពេលថ្មីៗនេះ។

លោក Mordashov គឺជាម្ចាស់ក្រុមហ៊ុនដ៏ធំឈ្មោះ Severstal ហើយស្ថិតក្នុងចំណោមជនជាតិរុស្ស៊ីដ៏មានបំផុត និងមានឥទ្ធិពលដែលត្រូវបានចុះក្នុង បញ្ជីខ្មៅ ដោយទីក្រុងប្រ៊ុចសែល សម្រាប់ទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង៕