(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថាកិច្ចប្រជុំកំពូលរបស់អង្គការ NATO បានបង្ហាញពីភាពទន់ខ្សោយ ហើយថា NATO មិនទាន់បានធ្វើអ្វីទាល់តែសោះ ក្រៅតែពីបញ្ជូនម៉ាស៊ូត ៥០តោនមកឱ្យអ៊ុយក្រែន។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

លោក ហ្សេលេស្គី ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារវីដេអូ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងដូច្នេះថា «កិច្ចប្រជំកំពូលរបស់អង្គការ NATO នៅថ្ងៃនេះ (ថ្ងៃសុក្រ) គឺជាកិច្ចប្រជុំកំពូលដ៏ទន់ខ្សោយ និងពោរពេញដោយភាពច្របូកច្របល់ ពោលគឺជាកិច្ចប្រជុំកំពូលមួយដែលបង្ហាញថាគ្មាននរណាម្នាក់ចាត់ទុកថាការប្រយុទ្ធដើម្បីសេរីភាពនៅក្នុងតំបន់អឺរ៉ុប គឺជាគោលបំណងទី១»

លោក ហ្សេលេស្គី ក៏បានចោទប្រកាន់ប្រទេសជាសមាជិក NATO មួយចំនួនផងដែរថាកំពុងបើកភ្លើងបៃតងឱ្យរុស្ស៊ី ចាប់ផ្ដើមទម្លាក់គ្រាប់បែកលើ ទីក្រុង និងភូមិជាច្រើនរបស់អ៊ុយក្រែន បន្ទាប់ពីបដិសេធការបង្កើតតំបន់គ្មានការហោះហើរ៕