(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធដែលទំនងជាមីស៊ីលបាលិស្ទីគមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រនៃភាគខាងកើតតំបន់ឧបទ្វីបកូរ៉េ នៅថ្ងៃសៅរ៍នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

បើតាមយោធាកូរ៉េខាងត្បូង ការធ្វើតេស្ដមីស៊ីលនៅថ្ងៃសៅរ៍នេះត្រូវបានបាញ់ចេញពីទីតាំងមួយកន្លែងស្ថិតនៅក្បែរតំបន់ Sunan ជាទីដែលអាកាស យានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាងស្ថិតនៅ។ នេះជាការធ្វើតេស្ដមីស៊ីលជាលើកទី៩ ក្នុងឆ្នាំ២០២២នេះ ហើយការធ្វើតេស្ដមីស៊ីលលើកចុងក្រោយ បំផុតធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅនេះ ជាពេលដែលទីក្រុងព្យុងយ៉ាងអះអាងថាខ្លួនបានបាញ់សាកល្បងផ្កាយរណបស៊ើបការណ៍។

ក្រុមអ្នកជំនាញជាច្រើន ក៏ធ្លាប់បានព្រមានដែរថាកូរ៉េខាងជើងអាចនឹងប្រើប្រាស់ឱកាសនៃការរៀបចំការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ដែល គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៩ ខែមីនានេះ រួមទាំងថ្ងៃបុណ្យជាតិរបស់ខ្លួនគឺថ្ងៃទី១៥ ខែមេសាខាងមុខ ដើម្បីបាញ់សាកល្បងមីស៊ីល ឬអាវុធដទៃទៀត៕