(កៀវ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ បានហៅការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែននៅទីក្រុង Zaporizhzhia ថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

ស្ថានទូតបានសរសេរថា «ការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ គឺជាឧក្រិដ្ឋកម្មសង្រ្គាម។ ការបាញ់ផ្លោងរបស់ពូទីន ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ជាការឈានមួយជំហ៊ាននៃរជ្ជកាលដ៏ភ័យខ្លាចរបស់គាត់។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ុយក្រែន រោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) កំពុងត្រូវបានកាន់កាប់ដោយ កងទ័ពរុស្ស៊ី ក្រោយមានការប៉ះទង្គិចគ្នា ពេញមួយយប់ម្សិលមិញ និងបណ្ដាលឱ្យមានអគិ្គភ័យឆាបឆេះរោងចក្រនេះ។ រីឯអគ្គិភ័យត្រូវបាន ពន្លត់ ហើយក្រុមបុគ្គលិកកំពុងបន្តធ្វើប្រតិបត្តិការរ៉េអាក់ទ័រ និងផ្គត់ផ្គង់ថាមពលស្របទៅតាមវិធានការសុវត្ថិភាពជាប្រក្រតី៕