(ប៊ែរឡាំង)៖ សហភាពអឺរ៉ុបបានទម្លាក់កញ្ចប់ថវិកាជាង ៥០៣លានដុល្លារ ដើម្បីផ្គត់ផ្គង់អាវុធប្រយុទ្ធឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស, អាវុធប្រឆាំងរថក្រោះ និងសម្ភារសង្រ្គាមជាច្រើនទៀត ហើយមានផែនការបន្ថែមជាង ៥៥លានដុល្លារទៀត ក្នុងការផ្ដល់បរិក្ខាដូចជាឥន្ធនៈ ឬមួកចម្បាំងជាដើម។

សហរដ្ឋអាមេរិក ក៏បានប្រកាសបញ្ជូនជំនួយយោធាបន្ថែមដល់អ៊ុយក្រែន ៣៥០លានដុល្លារផងដែរ ក្នុងនោះមានមីស៊ីលប្រឆាំងរថក្រោះ Javelin, មីស៊ីលប្រឆាំងយុទ្ធហោះចម្បាំង Stinger, អាវុធធុនតូច និងគ្រាប់កាំភ្លើង ដែលនេះបានធ្វើឱ្យជំនួយយោធារបស់អាមេរិកសម្រាប់ អ៊ុយក្រែនកើនដល់ ១ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំមកនេះ និងច្រើនជាង ២.៥ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៤មក។ ប៉ុន្តែ អ្វីដែលសំខាន់ នោះគឺថាតើជំនួយអាវុធទាំងនេះនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែនដោយរបៀបណា? ហើយកាន់តែសំខាន់ថាតើអាមេរិក និងសម្ពន្ធមិត្ត ត្រូវចំណាយពេលយូរប៉ុនណា ដើម្បីបញ្ជូនអាវុធឱ្យកងទ័ពអ៊ុយក្រែន ជាពិសេសក្នុងរដ្ឋធានីកៀវ និងទីក្រុងខាកៀវ។

* បញ្ហាដឹកជញ្ជូន

ខណៈរុស្ស៊ីកាន់តែបង្កើនការវាយលុកលើកងទ័ពអ៊ុយក្រែន ការព្រួយបារម្ភជាច្រើនក៏មានផងដែរពីឧបសគ្គក្នុងការដឹកជញ្ជូនអាវុធឱ្យ អ៊ុយក្រែន។ ជំនួយយោធារបស់បណ្ដាប្រទេសលោកខាងលិច ជាធម្មតា អាចដឹកតាមជើងគោក ឬអាកាស អាស្រ័យទៅលើប្រភេទអាវុធ។
ប៉ុន្តែដែនអាកាសនៅក្នុងប្រទេសអ៊ុយក្រែន កំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយយន្ដហោះចម្បាំងរុស្ស៊ី ដែលនឹងអាចស្ទាក់ចាប់ ឬបាញ់ មីស៊ីលកម្ទេចការដឹកជញ្ជូនអាវុធនេះ។ ដូច្នេះ មធ្យោបាយមួយទៀតមានតែរំពឹងលើប៉ូឡូញ ដែលមានព្រំដែនគោកប្រវែង ៥៣៥គីឡូម៉ែត្រ ជាមួយអ៊ុយក្រែន។

* តួនាទីរបស់ប៉ូឡូញ

បើតាមក្រុមអ្នកជំនាញ ដូចជាលោក Ed Arnold ជាអ្នកស្រាវជ្រាវម្នាក់ផ្នែកសន្តិសុខអឺរ៉ុប មកពីវិទ្យាស្ថាន Royal United Services មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ អាវុធ ឬបរិក្ខាយោធាអាចបញ្ជូនតាមប៉ូឡូញ។ លោកបន្ថែមថា ទោះបីជាប្រទេសស្លូវ៉ាគី ចង់ធ្វើដូចជាប៉ូឡូញ ក៏មិនមែនជារឿងងាយស្រួលនោះដែរ ដោយសារទីតាំងភូមិសាស្ត្រសម្បូរទៅដោយភ្នំដែលចាក់ចុះពីស្លូវ៉ាគី ដល់រូម៉ានី។ ម្លោះហើយ ផ្លូវដែល ល្អបំផុតមានតែកាត់តាមប៉ូឡូញ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថាការបញ្ជូនអាវុធឱ្យអ៊ុយក្រែន វាពិតជាមានហានិភ័យ ឬគ្រោះថ្នាក់ គ្រប់ពេលវេលា។ ពីព្រោះថាប្រសិនបើក្បួនរថយន្ដដឹកជញ្ជូនអាវុធត្រូវបានស្ទាក់ចាប់ ហើយបើប្រទេសលោកខាងលិចណាមួយ
រងការវាយប្រហារនៅក្នុងដែនដី NATO ឬក៏ឆ្លងដែនចូលកាន់អ៊ុយក្រែនហើយក៏ដោយ នោះច្បាស់ណាស់ សង្រ្គាមសព្វថ្ងៃអាចនឹងផ្ទុះ
កាន់តែធំ៕

ប្រភព៖ DW (ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២)