(ស៉ីដនី)៖ នៅថ្ងៃសុក្រនេះ ប្រទេសអូស្រ្តាលីបានចុះឈ្មោះ ក្រុមហាម៉ាស់ប៉ាឡេស្ទីនទាំងមូល ដែលមានមូលដ្ឋាននៅតំបន់កាហ្សាស្ទ្រីព (Gaza Strip) ជាអង្គការភេរវកម្ម ក្រោមហេតុផលថា ដើម្បីបង្ការទុកជាមុននូវអំពើហិង្សានយោបាយនិងសាសនា ហើយប្រការនេះនាំឱ្យអូស្រ្តាលីស្ថិតនៅលើជំហរដូចគ្នា ជាមួយសម្ព័ន្ធមិត្តដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហើយនិងសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២។

អស់រយៈពេលប្រមាណជា២ទសវត្សរ៍ អូស្រ្តាលីបានចាត់ទុកត្រឹមក្រុមសកម្មប្រយុទ្ធរបស់ហាម៉ាស់ប៉ុណ្ណោះ ជាអង្គការភេរវកម្ម ក៏ប៉ុន្តែបានបង្ហាញចេតនាកាលពីខែកុម្ភៈកន្លងទៅ ក្នុងការបញ្ចូលក្រុមហាម៉ាស់ទាំងមូល គឺរួមទាំងផ្នែកនយោបាយរបស់ក្រុមនេះផងដែរ ទៅក្នុងបញ្ជីអង្គការភេរវកម្ម ហើយឥឡូវក៏បានសម្រេចធ្វើយ៉ាងដូច្នោះតែម្តង។

រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោកស្រី ខារិន អាន់ឌ្រូ (Karen Andrews) បានថ្លែងយ៉ាងដូច្នេះថា «មនោគមន៍វិជ្ជាគួរឱ្យស្អប់ខ្ពើមរបស់ក្រុមភេរវករ និងក្រុមដែលគាំទ្រពួកគេ គឺមិនត្រូវបានអូស្រ្តាលីស្វាគមន៍ជាដាច់ខាត។ ច្បាប់ដ៏រឹងមាំរបស់យើង មិនត្រឹមមានគោលដៅលើសកម្មភាពភេរវកម្ម និងភេរវករប៉ុណ្ណោះទេ តែថែមទាំងទៅលើអង្គការដែលរៀបចំផែនការ, ផ្តល់ហិរញ្ញវត្ថុ, និងប្រព្រឹត្តអំពើខ្មៅងងឹតទាំងនេះផងដែរ»

គួរបញ្ជាក់ថា ចលនាហាម៉ាស់ប៉ាឡេស្ទីន ដែលមានទាំងក្រុមនយោបាយ និងក្រុមសកម្មប្រយុទ្ធនោះ គឺជាអ្នកគ្រប់គ្រងតំបន់ Gaza Strip ចាប់តាំងពីសង្រ្គាមស៉ីវិលឆ្នាំ២០០៧ នៅពេលខ្លួនបានបណ្តេញ ក្រុមដែលស្មោះស័្មគ្រនឹងប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូឌ អាបាស់ (Mahmoud Abbas) ដែលគាំទ្រដោយលោកខាងលិច។ លោក Abbas នៅបន្តគ្រប់គ្រងតំបន់ប៉ាឡេស្ទីនមួយទៀតគឺ វែសប៊ែង (West Bank)៕