(កៀវ)៖ រោងចក្រផលិតអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) ត្រូវបានសាងសង់ឡើងរវាងឆ្នាំ១៩៨៤ និងឆ្នាំ១៩៩៥។

Zaporizhzhia គឺជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប និងធំលំដាប់ទី៩ នៅក្នុងពិភពលោក។ វាមានរ៉េអាក់ទ័រចំនួន ៦ ហើយ រ៉េអាក់ទ័រនីមួយៗ អាចផលិតអគ្គិសនីបាន ៩៥០មេហ្កាវ៉ាត់ (MW) និងទិន្នផលសរុប ៥,៧០០មេហ្កាវ៉ាត់ (MW) ដែលគ្រប់គ្រាន់ផ្គត់ផ្គង់ ថាមពលដល់ផ្ទះប្រហែល ៤លានខ្នង។

ជាធម្មតា រោងចក្រនេះផលិតអគ្គិសនី ១ ភាគ៥ និងជិតពាក់កណ្តាលនៃថាមពលដែលបង្កើត ដោយរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុង
ប្រទេសអ៊ុយក្រែន។ រោងចក្រនេះមានទីតាំងស្ថិតក្នុងតំបន់អេនែរហូដា (Enerhodar) នៃភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន តាមបណ្ដោយ ច្រាំងនៃអាងស្តុកទឹក កាខូវកា (Kakhovka) នៃទន្លេឌីញៀភ័រ (Dnieper)។ វាមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីតំបន់ Donbas និង ៥៥០គីឡូម៉ែត្រពី ភាគអាគ្នេយ៍នៃទីក្រុងកៀវ (Kyiv)។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ុយក្រែន រោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) កំពុងត្រូវបានកាន់កាប់ដោយ កងទ័ពរុស្ស៊ី ក្រោយមានការប៉ះទង្គិចគ្នា ពេញមួយយប់ម្សិលមិញ និងបណ្ដាលឱ្យមានអគិ្គភ័យឆាបឆេះរោងចក្រនេះ។ រីឯអគ្គិភ័យត្រូវបាន ពន្លត់ ហើយក្រុមបុគ្គលិកកំពុងបន្តធ្វើប្រតិបត្តិការរ៉េអាក់ទ័រ និងផ្គត់ផ្គង់ថាមពលស្របទៅតាមវិធានការសុវត្ថិភាពជាប្រក្រតី៕

ប្រភព៖ The Gaurdain(ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២)