(ម៉ូស្គូ)៖ សភារុស្ស៊ី នៅថ្ងៃសុក្រនេះ បានអនុម័តច្បាប់ថ្មីមួយដែលនឹងអាចដាក់ទោសជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ សម្រាប់អ្នកដែល ចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធ ឬកងទ័ព ខណៈទីក្រុងម៉ូស្គូកំពុងចាត់វិធានការវាយបកទៅនឹងព័ត៌មានស្ដីពី សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

ក្រុមមន្ត្រីរុស្ស៊ី បានអះអាងម្ដងហើយម្ដងទៀថាព័ត៌មានក្លែងក្លាយ កំពុងត្រូវបានផ្សព្វផ្សាយដោយបច្ចាមិត្តរបស់រុស្ស៊ី ដូចជាសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច ក្នុងចេតនាបង្កចលាចល និងការបែកបាក់នៅក្នុងចំណោមប្រជាជនរុស្ស៊ី។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សភារុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ប្រសិនបើព័ត៌មានក្លែងក្លាយទាំងនោះ បង្កផលវិបាកធ្ងន់ធ្ងរ នោះអ្នកប្រព្រឹត្តនឹងត្រូវជាប់ពន្ធនាគារ១៥ឆ្នាំ»។ លើសពីនេះទៅទៀត បើតាមច្បាប់ថ្មីនេះ រាល់ការចែកចាយព័ត៌មានក្លែងក្លាយ ឬការអំពាវនាវ ជាសាធារណឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី នឹងត្រូវបានចាត់ទុកថាបទល្មើសព្រហ្មទណ្ឌ៕