(ប៉េកាំង)៖ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានកោតសរសើរយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នៅពេលដែលចូលរួមសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ លោកបានជឿជាក់ថា ការគ្រប់គ្រងដោយបិទជិតនៃកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយអាចនិយាយបានថា ជាកន្លែងដែលមានសុវត្ថិភាពបំផុតនៅលើភពផែនដីទាំងមូល។

ហេតុអ្វីបានជាការងារបង្ការ និងគ្រប់គ្រងការរាតត្បាតជំងឺឆ្លង នៃកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ត្រូវបានលោកប្រធាន Bach សរសើរដូច្នេះ?

ទី១៖ ការគ្រប់គ្រងដោយបិទជិតនូវដំណើរការទាំងមូលនៃការប្រកួត

ដោយប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ លើពិភពលោក ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិកំពូល នៃកីឡាអូឡាំពិករដូវរងាដោយជោគជ័យ ប្រទេសចិនបានតភ្ជាប់តំបន់ប្រកួតប្រជែងសំខាន់ៗចំនួនបី នៃនៅក្រុងប៉េកាំង ក្រុង Zhangjiakou និងខណ្ឌ Yanqing ទៅជា «រង្វង់បិទជិត» ដ៏ធំមួយ។ ការគ្រប់គ្រងរង្គង់បិទជិត បានរួមបញ្ចូលទាំងការមកដល់ និងការចាកចេញ ការដឹកជញ្ជូន ការស្នាក់នៅ ការផ្តល់ម្ហូបអាហារ ការប្រកួត ពិធីបើកនិងបិទ និងកន្លែងផ្សេងទៀត ដែលទាក់ទងនឹងកីឡាអូឡាំពិករដូវរងា។

ជនបរទេសទាំងអស់ដែលចូលរួមកីឡាអូឡាំពិករដូវរងា ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យគ្រប់ដូសក្នុងរយៈពេលយ៉ាងហោចណាស់ ១៤ថ្ងៃមុន ពេលមកប្រទេសចិន ហើយនិងធ្វើតេស្តអាស៊ីតនុយក្លេអ៊ីកចំនួនពីរលើក ក្នុងរយៈពេល៩៦ម៉ោង មុនពេលឡើងយន្តហោះ។ នៅពេលចូលគយចិន ត្រូវធ្វើតេស្តអាស៊ីតនុយក្លេអ៊ីកម្តងទៀត។ អាកាសយានដ្ឋានរដ្ឋធានីក្រុងប៉េកាំង បានបើកកន្លែងចំណតរថយន្តពិសេស តំបន់ពិសេស ផ្លូវឆ្លងកាត់ពិសេសសម្រាប់បុគ្គលិកពាក់ព័ន្ធនឹងកីឡាអូឡាំពិករដូវរងា ដែលបានបង្កើតជា រង្វង់បិទជិត ពេញលេញ ហើយអ្នកដំណើរធម្មតា នឹងមិនមានផ្លូវឆ្លងកាត់ជាមួយបុគ្គលិកទាំងនេះទេ។

លើសពីនេះ បុគ្គលិកការងារចិនដែលស្ថិតនៅក្នុងរង្វង់បិទជិតនេះ គឺតម្រូវឱ្យទទួលបានការត្រួតពិនិត្យសុខភាពប្រចាំថ្ងៃ និងធ្វើតេស្តអាស៊ីតនុយក្លេអ៊ីកជារៀងរាល់ថ្ងៃ។ ពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅមកពីកន្លែង ដែលបានកំណត់តាមរថយន្តពិសេស សម្រាប់កីឡាអូឡាំពិករដូវរងា ហើយមិនត្រូវបានអនុញ្ញាតឱ្យទាក់ទង មនុស្សនៅខាងក្រៅកន្លែងបិទជិតនោះទេ។ រថយន្តពិសេសសម្រាប់កីឡាអូឡាំពិករដូវរងារាប់ពាន់គ្រឿង ត្រូវបានសម្លាប់មេរោគលើសពីបីដងក្នុងមួយថ្ងៃ។

ទី២៖ បច្ចេកវិទ្យាខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺឆ្លង

ក្នុងអំឡុងពេលបើកធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង «មនុស្សយន្តបង្ការជំងឺឆ្លងដ៏ឆ្លាតវៃសិប្បនិម្មិត» ចំនួនរាប់រយគ្រឿងត្រូវបានដាក់ពង្រាយនៅកន្លែងសំខាន់ៗ ក្នុងភូមិអូឡាំពិករដូវរងា។ មនុស្សយន្តសម្លាប់មេរោគនៅក្នុងសណ្ឋាគារ អាចផ្ទុកទឹកសម្លាប់មេរោគបាន ១៦លីត្រក្នុងមួយពេល និងអាចសម្លាប់មេរោគក្នុងទំហំ ៣៦ម៉ែត្រការ៉េក្នុងមួយនាទី។ វាអាចគ្របដណ្តប់លើផ្ទៃដីអតិបរមាលើសពី ១ពាន់ម៉ែត្រការ៉េ និងអាចបន្តធ្វើការពី ៤ទៅ៥ម៉ោងតែម្តង។ វាបានក្លាយទៅជាតួអង្គផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏សំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ឧបករណ៍ស្វ័យប្រវត្តិឆ្លាតវៃ នៅក្នុងភោជនីយដ្ឋានអាចដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ។

ទី៣៖ ទទួលបានការវាយតម្លៃវិជ្ជមានជាច្រើន

កីឡាករជិះស្គីលើក្តារជនជាតិអាល្លឺម៉ង់ លោក Leon VOCKENSPERGER ដែលបានបង្ហាញមនុស្សយន្តសម្លាប់មេរោគ នៅលើបណ្តាញទំនាក់ទំនងសង្គមថា «ខ្ញុំមិនដែលឃើញកន្លែងណា មានសុវត្ថិភាពជាងនៅទីនេះទេ»

លោក Christopher Plys កីឡាករ Curling ជនជាតិអាមេរិក បានចែករំលែកអារម្មណ៍របស់លោក នៅលើបណ្តាញទំនាក់ទំនងសង្គមថា៖ «ការធ្វើតេស្តអាស៊ីតនុយក្លេអ៊ីកពេលព្រឹកដ៏ស្រស់ស្អាត។ រីករាយក្នុងការធ្វើតេស្តទាំងនេះ ព្រោះវាធ្វើឱ្យយើងមានអារម្មណ៍សុវត្ថិភាព នៅក្នុងភូមិកីឡាអូឡាំពិករងា និងអំឡុងពេលការប្រកួតកីឡាអូឡាំពិករងា»។