(ប៉េកាំង)៖ ប្រជាជនចិនបានចាត់ទុកនិទាឃរដូវ ជាការចាប់ផ្តើមថ្មីនិងជាក្តីសង្ឃឹមថ្មី។ នៅដើមខែមីនាជារៀងរាល់ឆ្នាំ ជាការរំពឹងទុករបស់ប្រជាជនចិនទូទាំងប្រទេស ដោយសារតែមានព្រឹត្តិការណ៍ធំប្រចាំឆ្នាំចំនួនពីរ នឹងប្រារព្ធឡើងក្នុងពេលដំណាលគ្នា ពោលគឺមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេស និងមហាសន្និបាតនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស នឹងបើកធ្វើដើម្បីស្តាប់មតិយោបល់របស់ តំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយដែលជា «ភ្នាក់ងារនាំសារ» របស់ប្រជាជនមកពីទូទាំងប្រទេស និងពិគ្រោះពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហា ដែលជាតម្រូវការរបស់ជាតិនិងប្រជាជន ចុងក្រោយគឺដាក់ចេញច្បាប់ឬគោលនយោបាយថ្មី ស្របតាមការរំពឹងទុករបស់ប្រជាជន។

ពិសេសគឺនាយករដ្ឋមន្ត្រីចិននឹងធ្វើរបាយការណ៍ការងាររដ្ឋាភិបាល ដែលបូកសរុបពីសមិទ្ធផលការងារក្នុងឆ្នាំចាស់ និងដាក់ចេញទិសដៅការងារក្នុងឆ្នាំថ្មី ដែលជាផែនទីបង្ហាញផ្លូវសម្រាប់មន្ត្រីគ្រប់ជាន់ថ្នាក់ យកទៅអនុវត្តក្នុងឆ្នាំថ្មី ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជាតិនិងសង្គម ក៏ដូចជាធ្វើឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិ រឹតតែប្រសើរឡើង។

តាមការស្ទង់ប្រជាមតិតាមបណ្តាញអ៊ីនធើណេតរបស់ «កាសែតប្រជាជន» នៃប្រទេសចិន ប្រធានបទក្តៅចំនួន១០ ដែលអ្នកប្រើអ៊ីនធើណេតចិន យកចិត្តទុកដាក់បំផុតក្នុងឆ្នាំ ២០២២នេះ មានជាអាទិ៍ ប្រទេសមាននីតិរដ្ឋ, គ្រប់គ្រងបក្សដោយតឹងរ៉ឹង, របបសន្តិសុខសង្គម, អភិបាលកិច្ចសង្គម, សន្តិសុខជាតិ, នវានុវត្តន៍បច្ចេកវិទ្យា, កំណែទម្រង់ការអប់រំ, ការអភិវឌ្ឍជនបទ, ប្រទេសចិនមានសុខភាពល្អ, ប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរ (អភិវឌ្ឍន៍) ទាំងមូល។

សុក្រឹតភាពផ្នែកប្រព័ន្ធយុត្តិធម៌ជាមូលដ្ឋានគ្រឹះនៃស្ថិរភាពសង្គមជាការពិតដែលមិនអាចប្រកែកបាន បញ្ហាសង្គមជាបញ្ហាដ៏ស្មុគស្មាញបំផុតមួយ ដែលពាក់ព័ន្ធផ្ទាល់ជាមួយជីវភាពរស់នៅរបស់ប្រជាជន និងជោគវាសនាជាតិនៃប្រទេសនីមួយៗ។ ប្រសិនជាសង្គមគ្មានច្បាប់វិន័យដ៏ត្រឹមត្រូវ នោះនឹងបង្កជាចលាចលដ៏ធ្ងន់ធ្ងរ ដែលមិនអាចគ្រប់គ្រងបាន។ អាស្រ័យហេតុនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូត ក្នុងការធ្វើកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ ដើម្បីធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់ ដែលជាភាពចាំបាច់បំផុតសម្រាប់ផ្តល់យុត្តិធម៌ជូនប្រជាជន។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការលើវិស័យជាច្រើន ដូចជាការតាក់តែងច្បាប់តាមបែបវិទ្យាសាស្ត្រ ការអនុវត្តច្បាប់ដោយតឹងរ៉ឹង ការដាក់ពាក្យបណ្តឹងមានភាពកាន់តែងាយស្រួល ការងាររបស់មន្ត្រីអនុវត្តច្បាប់កាន់តែមានបទដ្ឋាន ពិសេសគឺបន្ទាប់ពីបានដាក់ចេញនូវ «ច្បាប់ការពារព័ត៌មានបុគ្គល នៃសាធារណរដ្ឋប្រជាមានិតចិន» មក ប្រជាជនកាន់តែមានសុវត្ថិភាពផ្លូវចិត្ត។ ជាក់ស្តែង ការដាក់ពិន័យឬដាក់ទោសយ៉ាងម៉ឺងម៉ាត់ លើមន្ត្រីអនុវត្តច្បាប់មួយចំនួនដែល «មិនកសាងសំណុំរឿងតាមផ្លូវច្បាប់, តម្កល់ទុកសំណុំរឿងដោយមិនស៊ើបអង្កេត ឬមិនផ្តន្ទាទោសជនល្មើស ឬយកសំណុំរឿងទៅប្រព្រឹត្តិអំពើពុករលួយ» ជាដើម បានកែលម្អបរិយាកាសអនុវត្តច្បាប់របស់ប្រទេសចិន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន។

វ៉ៃ «ខ្លា» និង «រុយ» ដើម្បីកម្ចាត់មហារីកសង្គមប្រជាជនចិនបានហៅមន្ត្រីពុករលួយថាជា «សត្វខ្លា» ដែលបំផ្លាញផលប្រយោជន៍សង្គមជាតិ និងប្រជាជនដោយអំណាចធំរបស់ខ្លួន ហើយហៅអ្នកដែលប្រព្រឹត្តិពុករលួយ នៅមូលដ្ឋានថាជា «សត្វរុយ» ដែលសុទ្ធតែជាមហារីកសង្គម។ ទាក់ទិននឹងការងារគ្រប់គ្រងបក្សដោយតឹងរ៉ឹង លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សបានលើកឡើងថា ត្រូវដាក់ទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើពុករលួយ ពោលគឺ «សត្វខ្លា» ក៏ត្រូវវ៉ៃ «សត្វរុយ» ក៏ត្រូវវ៉ៃ ដើម្បីបង្កើតជាយន្តការដែលមន្ត្រី និងកម្មាភិបាលបក្ស «មិនហ៊ានពុករលួយ មិនអាចពុករលួយ មិនចង់ពុករលួយ»

បក្សនិងរដ្ឋាភិបាលចិន បានដាក់ចេញនូវគោលនយោបាយមិនអត់ឱនជាដាច់ខាត ចំពោះបុគ្គលដែលប្រព្រឹត្តអំពើពុករលួយ ដើម្បីជំរុញភាពស្អាតស្អំក្នុងបក្ស និងក្នុងជួររដ្ឋាភិបាលក៏ដូចជាក្នុងសហគ្រាសរដ្ឋ ដូច្នេះប៉ុន្មានឆ្នាំចុងក្រោយនេះ មានមន្ត្រីតូចធំជាច្រើនបានត្រូវចាប់ខ្លួន និងផ្តន្ទាទោសជាបន្តបន្ទាប់ពីបទប្រព្រឹត្តិអំពើពុករលួយ ដែលជាស្នូរជួងព្រមានដល់បុគ្គលទាំងឡាយថា ក្នុងនាមជាមន្ត្រីគឺអ្នកបម្រើរាស្ត្រ តែមិនមែនអ្នកជញ្ជក់ឈាមរាស្ត្រនោះទេ។

របបសន្តិសុខសង្គមផ្តល់សុខមាលភាពជូនប្រជាជនការហូបចុកបានឆ្អែត និងស្លៀកពាក់បានគ្រប់គ្រាន់ ជាការធានាជាមូលដ្ឋាននៃជីវភាពរស់នៅរបស់ប្រជាជន។ យ៉ាងណាមិញ បន្ទាប់ពីបញ្ហាហូបចុកនិងស្លៀកពាក់ បានត្រូវដោះស្រាយហើយ ការផ្តល់សុខមាលភាពផ្សេងៗ ជូនប្រជាជនជាកិច្ចការចាំបាច់របស់រដ្ឋាភិបាល។ របបសន្តិសុខសង្គមជាគោលនយោបាយ សម្រាប់ផ្តល់ភាពកក់ក្តៅដល់ជីវភាពរស់នៅរបស់ប្រជាជន បន្ថែមពីលើការហូបចុក ស្លៀកពាក់ ស្នាក់នៅនិងធ្វើដំណើរប្រចាំថ្ងៃ ។ ពិសេសគឺប្រព័ន្ធសុខាភិបាលជាភាពចាំបាច់បំផុត សម្រាប់គាំពារសុខភាពរបស់ប្រជាជនទូទាំងប្រទេស។

បន្ទាប់ពីកំណែទម្រង់និងបើកទូលាយអស់រយៈពេល៤៣ឆ្នាំ និងធ្វើកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ៣០ឆ្នាំ ក្នុងការងារកាត់បន្ថយភាពក្រីក្រ ប្រទេសចិនបានជួយឱ្យប្រជាជនក្រីក្របំផុតនៅទូទាំងប្រទេស ចេញផុតពីភាពក្រីក្រនៅឆ្នាំ២០២១ ដែលជាសមិទ្ធផលដ៏ធំធេង ក្នុងប្រវត្តិសាស្ត្រចិននិងពិភពលោក។

ស្របនឹងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ការគាំពារសុខភាពប្រជាជនក៏ចាំបាច់ ត្រូវពង្រឹងជាបន្តបន្ទាប់ផងដែ ។ ក្នុងអំឡុងពេលអនុវត្ត «ផែនការជាតិប្រាំឆ្នាំទី ១៣» (ឆ្នាំ២០១៦-២០២០) ប្រទេសចិនបានកសាងនូវប្រព័ន្ធរបបសន្តិសុខសង្គម ដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក ពោលគឺក្នុងចំណោមចំនួនប្រជាជនសរុប ១,៤០០លាននាក់ មានប្រជាជនលើសពី ១,៣០០ លាននាក់ទទួលបានសេវាធានារ៉ាប់រងសុខភាព និងជិត ១,០០០ លាននាក់មានការធានារ៉ាប់រងចិញ្ចឹមជីវិតក្នុងវ័យជរា។ ក្រៅពីនេះ ច្បាប់ការងារក៏ត្រូវបានធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់ ឱកាសការងារកើនឡើងជារៀងរាល់ឆ្នាំ មនុស្សចាស់ជរាទទួលបានសេវាសុខភាពកាន់តែច្រើន សិទ្ធិស្ត្រីត្រូវបានលើកកម្ពស់ សិទ្ធិនិងផលប្រយោជន៍របស់ជនពិការ ត្រូវបានតម្កល់ជាអាទិភាព។ល។ ដែលជាការនាំមកនូវសុខមាលភាពពិតៗ សម្រាប់ប្រជាជន។

តាមការពិពណ៌នាត្រួសៗខាងលើ អំពីការរំពឹងទុករបស់ប្រជាជនចិន និងសមិទ្ធផលរបស់រដ្ឋាភិបាលចិន ដែលបានឆ្លើយតបតាមតម្រូវការរបស់ប្រជាជន យើងអាចមើលឃើញថា ឆ្លងតាមរយៈការបើកធ្វើមហាសន្និបាតនៃសភាទាំងពីរ ជារៀងរាល់ឆ្នាំ ដើម្បីពិគ្រោះពិភាក្សាអំពីកិច្ចការជាតិនិងសង្គម ប្រទេសចិនបានធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចជាតិនិងសង្គម ដោយបានហក់ឡើងជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើកពិភពលោកដូចពេលបច្ចុប្បន្ន ធ្វើឱ្យប្រជាជនខ្លួនមានភាពសម្បូរសប្បាយ ពីមួយថ្ងៃទៅមួយថ្ងៃ ។

ពិសេសក្រៅពីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ប្រទេសចិនក៏រីករាយចែករំលែកបទពិសោធ ក៏ដូចជាសមិទ្ធផលនិងកាលានុវត្តភាពអភិវឌ្ឍន៍របស់ខ្លួន ជាមួយបណ្តាប្រទេសលើពិភពលោក ដើម្បីឆ្ពោះទៅរកវិបុលភាពរួម និងជោគវាសនារួមតាមរយៈការដាក់ចេញ នូវគំនិតផ្តួចផ្តើមជាច្រើនដូចជា «ខ្សែក្រវាត់និងផ្លូវ» , «ការរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ» និង «ការអភិវឌ្ឍជាសកល» ជាដើម។

ជារួម ការយកចិត្តទុកដាក់របស់ប្រជាជនចិន ចំពោះការបើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន បានសឱ្យឃើញពីការរំពឹងទុក និងទំនុកចិត្តរបស់ប្រជាជន ចំពោះបក្សនិងរដ្ឋដែលបានដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកភាពខ្លាំងក្លានិងរុងរឿងថ្កុំថ្កើងជាបណ្តើរៗ។

ក្រៅអំពីនេះ យើងឃើញថាមានថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកនយោបាយសំខាន់ៗ និងឥស្សរជនល្បីៗនៃប្រទេសជាច្រើនលើពិភពលោក ក៏ផ្តោតការយកចិត្តទុកដាក់ ចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ចិនផងដែរ ដោយហេតុថាឆ្លងតាមរយៈមហាសន្និបាតទាំងពីរនេះ អ្នកសម្រេចចិត្តផ្នែកគោលនយោបាយ អាចស្វែងយល់កាន់តែច្បាស់អំពីគោលនយោបាយរបស់ចិន សម្រាប់ដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ដើម្បីតភ្ជាប់ជាមួយប្រទេសចិន ដែលបង្កើតបានជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងន័យចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន ក៏ដូចជារៀនសូត្រពីបទពិសោធជោគជ័យរបស់ចិន ដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន