(តៃប៉ិ)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាសហរដ្ឋអាមេរិកគួរតែទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ក្នុងនាម ជា «ប្រទេសឯករាជ្យមួយ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក ប៉ុមប៉េអូ ដែលនឹងដុតបញ្ឆេះកំហឹងរបស់ចិន ធ្វើឡើងនៅថ្ងៃសុក្រនេះនាឱកាសថ្លែងសុន្ទរកថាមួយ កំឡុងបំពេញដំណើរទស្សនកិច្ចនៅតៃវ៉ាន់។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលអាមេរិកគួរតែ ចាត់វិធានការចាំបាច់បន្ទាន់ និងបោះជំហានមួយដ៏ធំ ដោយផ្ដល់សិទ្ធិ និងភាពពិតជាក់ស្ដែង នោះគឺទទួលស្គាល់សាធារណរដ្ឋចិន ឬតៃវ៉ាន់ ជាប្រទេសសេរី និងឯករាជ្យជាផ្លូវការ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ កាលពីឆ្នាំ១៩៧៩ ដោយងាកទៅទទួលស្គាល់ចិន ដើម្បីរួមដៃគ្នា ប្រឆាំងនឹងសហភាពសូវៀត នៅពេលនោះ។ បណ្ដាប្រទេសភាគច្រើននៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក មកទល់នឹងពេលនេះ បានអនុវត្តគោលនយោបាយចិនតែមួយ ដោយមិនទទួលស្គាល់តៃវ៉ាន់ជាផ្លូវការទេ។ ចិនជារឿយៗតែងតែព្រមានថាខ្លួននឹងប្រើកម្លាំងយោធា ភ្លាមៗ ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬមានកម្លាំងខាងក្រៅណាមួយព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន៕