(ជីស៉ីណូ)៖ ប្រធានាធិបតីនៃប្រទេសម៉ុលដូវ៉ា ដែលស្ថិតនៅជាប់អ៊ុយក្រែន ទើបតែបានចុះហត្ថលេខាលើពាក្យស្នើសុំផ្លូវការ ដើម្បីឱ្យប្រទេសលោកស្រី ចូលជាសមាជិកនៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីរុស្ស៉ីបានបើកការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតីម៉ុលដូវ៉ា លោកស្រី ម៉ៃយ៉ា សាន់ឌូ (Sandu) រួមជាមួយនាយករដ្ឋមន្រ្តី និងប្រធានសភា បានចុះហត្ថលេខាលើឯកសារខាងលើ កំលុងសន្និសីទសារព័ត៌មានមួួ នៅឯរដ្ឋធានីជីស៉ីណូ ជាទីដែលក្រុមអ្នកនយោបាយមានទំនោររករុស្ស៉ី និងក្រុមអ្នកនយោបាយមានទំនោររកសហភាពអឺរ៉ុប បានប្រជែងគ្នាគ្រប់គ្រងឥទ្ធិពល ចាប់តាំងតែពីប្រទេសនេះ ទទួលបានឯករាជ្យពីអតីតសហភាពសូវៀត នៅឆ្នាំ១៩៩១ មកម្ល៉េះ។

លោកស្រី Sandu បានថ្លែងយ៉ាងដូច្នេះថា «យើងចង់រស់នៅដោយមានសន្តិភាព វិបុលភាព និងជាផ្នែកនៃលោកសេរី។ ខណៈការសម្រេចចិត្តមួយចំនួន ត្រូវប្រើពេលវេលាយូរ ខ្លះទៀតចាំបាច់ត្រូវធ្វើឡើងភ្លាមៗ និងច្បាស់លាស់ ហើយត្រូវក្តាប់យកឱកាស ដែលកើតឡើងជាមួយការប្រែប្រួលនៃស្ថានការណ៍ពិភពលោក»។ បើតាមលោកស្រី Sandu ពាក្យស្នើសុំផ្លូវការនេះ នឹងបញ្ជូនទៅកាន់ទីក្រុងព្រុចសែល ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ប្រទេសជិតខាងអ៊ុយក្រែនដទៃទៀត ដូចជាប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងរ៉ូមានី សុទ្ធតែជាសមាជិករបស់ EU ហើយក៏ជាសមាជិកនៃអង្គការ NATO ថែមទៀតផង។ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីឡិនស្គី (Volodymyr Zelenskiy) ក៏បានចុះហត្ថលេខា លើសំណើផ្លូវការ ដើម្បីឱ្យមានការសម្រេចចិត្តជាបន្ទាន់ ចំពោះសមាជិកភាពក្នុង EU សម្រាប់ប្រទេសលោកផងដែរ ខណៈអ៊ុយក្រែនបន្តស្ថិតក្នុងការប្រយុទ្ធតទល់គ្នា ជាមួយកងទ័ពរុស្ស៉ី៕