(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានជំរុញឲ្យប្រធានាធីបតី លោក វ្ល៉ាឌីមៀ ពូទីន អង្គុយចុះ ចរចាជាមួយរូបលោកដោយផ្ទាល់ និងបញ្ចប់សង្រ្គាម ខណៈក៏បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសលោកខាងលិចបង្កើនការផ្ដល់ជំនួយយោធាដល់ ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯការិយាល័យរបស់លោក ក្នុងទីក្រុងកៀវ លោក ហ្សេលេស្គី ក៏បានព្រមានលោកខាងលិចដែរថារុស្ស៊ីអាចនឹងវាយលុក ចូលប្រទេសដទៃទៀតនៅក្នុងតំបន់អឺរ៉ុប ប្រសិនបើប្រតិបត្តិការយោធារបស់លោក ពូទីន នៅក្នុងប្រទេសអ៊ុយក្រែនទទួលបានជោគជ័យ។

លោក ហ្សេលេនស្គី បញ្ជាក់ថាដូច្នេះថា «ខ្ញុំត្រូវការជួបចរចាជាមួយលោក ពូទីន, ពិភពលោកត្រូវការចរចាជាមួយលោក ពូទីន ព្រោះគ្មានជម្រើសអ្វីផ្សេង ក្រៅពីនេះទេ ដើម្បីបញ្ចប់សង្រ្គាមនេះ»។ លោកបន្ថែមដោយចោទសួរទៅកាន់លោក ពូទីន ថា «តើអ្នកចង់បានអ្វីពីពួកយើង? ដោះលែងទឹកដីរបស់យើងទៅ»