(ព្រុចសែល)៖ បណ្ដារដ្ឋមន្ត្រីមហាផ្ទៃ នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានផ្តល់ការគាំទ្រជាឯកច្ឆន្ទ ដល់ផែនការផ្តល់កន្លែងស្នាក់នៅ បណ្តោះអាសន្ន សម្រាប់ពលរដ្ឋអ៊ុយក្រែន ដែលរត់ចេញពីការវាយប្រហាររបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណំាង (Gerald Darmanin) បានពណ៌នាថាការគំាទ្រនេះមានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រ ដែលនឹង ផ្តល់សិទ្ធិដល់ពលរដ្ឋអ៊ុយក្រែន ស្រដៀងគ្នានឹងជនភៀសខ្លួនជាផ្លូវការ សម្រាប់រយៈពេលមួយឆ្នាំ ហើយអាចបន្តជាថ្មីទៀតបាន។ វិធានការការពារនឹង ត្រូវអនុវត្តចំពោះពលរដ្ឋអ៊ុយក្រែន និងអ្នកដែលមានសិទ្ធិស្នាក់នៅរយៈពេលវែង ឬស្ថានភាពជនភៀសខ្លួនក្នុងប្រទេសអ៊ុយក្រែន។

ជុំវិញបញ្ហានេះដែរ ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី អ៊ីលវ៉ា ចូហាន់សុន (Ylva Johansson) បានលើកឡើងថាមនុស្សជិត ១លាននាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែន រួចចូលទៅក្នុងទឹកដីសហភាពអឺរ៉ុប តាមរយៈប្រទេសប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងហុងគ្រី។ តែជាមួយគ្នាសហភាពអឺរ៉ុប បានបង្ហាញពីការរួបរួម និងសមត្ថភាព ក្នុងការធ្វើសកម្មភាពដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕