(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីដើម្បីបញ្ចៀសការយល់ច្រឡំ ឬជម្លោះយោធាដោយផ្ទាល់ដោយចៃដន្យណាមួយរវាងមហាអំណាចទាំង២ នៅក្នុងតំបន់អឺរ៉ុប ខណៈកងទ័ពរុស្ស៊ីនៅតែបន្តវាយសម្រុក ចូលទឹកដីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានប្រាប់ទូរទស្សន៍ NBC ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះជុំវិញការបង្កើតខ្សែទូរស័ព្ទបន្ទាន់ខាងលើ។ មន្ត្រីរូបនេះបានបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិអាមេរិក ទើបតែបានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ ក្នុងគោលបំណងបង្ការ និងបញ្ចៀសកុំឱ្យមានការយល់ច្រឡំ, ជម្លោះយោធា ឬភាពតានតឹងដោយផ្ទាល់រវាងប្រទេសទាំង២»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ធ្លាប់បានបង្កើតខ្សែទូរស័ព្ទក្រហមដោយជោគជ័យជាមួយរុស្ស៊ីផងដែរ កាលពីអតីតកាល ក្នុងនោះរួមមានទាំងអំឡុង សង្រ្គាមនៅស៊ីរី ជាទីដែលទីក្រុងម៉ូស្គូ បានធ្វើអន្តរាគមន៍យោធាគាំទ្ររដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់អាសាដ។ ទីក្រុងវ៉ាស៊ីនតោន បានអះអាងថាមិនមានកងទ័ពអាមេរិកណាម្នាក់នៅក្នុងប្រទេសអ៊ុយក្រែនទេ ប៉ុន្តែអាមេរិក និងប្រទេសជាសមាជិកមួយចំនួនរបស់ NATO កំពុងបារម្ភ ខ្លាចក្រែងសង្រ្គាមនៅអ៊ុយក្រែនរាលដាលឆ្លងហួសព្រំដែន។

បន្ថែមពីលើនេះ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនក៏កំពុងបញ្ជូនជំនួយក្នុងនោះមានទាំងអាវុធ ឱ្យអ៊ុយក្រែនផងដែរ ដែលនេះហើយជាក្ដីបារម្ភ ថាសង្រ្គាមនឹងកាន់តែក្ដៅគគុក ខណៈរុស្ស៊ីបានព្រមានហើយថាអ្នកដែលលូកដៃជួយអ៊ុយក្រែន នឹងទទួលរងការឈឺចាប់មិនធ្លាប់មាន៕