(វ៉ាស៊ីនតោន)៖ មេដឹកនាំនៃក្រុមប្រទេសក្វាដ Quad រួមមានសហរដ្ឋអាមេរិក, ឥណ្ឌា, អូស្ត្រាលី និងជប៉ុន បានឯកភាពគ្នាថាអ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន មិនត្រូវឱ្យវាកើតឡើងម្ដងទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះទេ។ នេះបើតាមនាយករដ្ឋមន្ត្រីជប៉ុន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

ការឯកភាពគ្នាខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងបរិបទដែលមានការព្រួយបារម្ភជាច្រើនចំពោះ ជោគវាសនារបស់តៃវ៉ាន់។ ថ្លែងនៅក្នុងកិច្ចប្រជុំដោយសំដៅលើប្រតិបត្តិការយោធារបស់រុស្ស៊ី, លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបញ្ជាក់ ដូច្នេះថា «យើងទាំងអស់គ្នាបានឯកភាពថាការផ្លាស់ប្ដូរស្ថានភាពដើមដោយឯកតោភាគី ជាមួយការប្រើកម្លាំងបាយដូចរបៀបនេះ (សង្រ្គាមអ៊ុយក្រែន) មិនគួរឱ្យវាកើតឡើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះទេ»

គួរបញ្ជាក់ថា មកទល់នឹងម៉ោងនេះ, ឥណ្ឌាគឺជាសមាជិកក្វាដតែមួយគត់ដែលមិនបានថ្កោលទោសប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន។ រុស្ស៊ីគឺជា អ្នកផ្គត់ផ្គង់អាវុធដ៏ធំឱ្យឥណ្ឌា ដែលកំពុងប្រឈមមុខនឹងការជាប់ទណ្ឌកម្មអាមេរិកដូចគ្នា ពាក់ព័ន្ធនឹងការទិញប្រព័ន្ធមីស៊ីល S-400 ពីទីក្រុងម៉ូស្គូ៕