(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលរបាយការណ៍មួយដែលថាខ្លួនបានស្នើសុំរុស្ស៊ី ឲ្យពន្យាពេលការឈ្លានពានរបស់ខ្លួន លើប្រទេសអ៊ុយក្រែន រហូតទាល់តែចប់ព្រឹត្តិការណ៍ Beijing Winter Olympics, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។

សារព័ត៌មាន The New York Times បានចុះផ្សាយកាលពីថ្ងៃពុធថា មន្ត្រីចិនបានប្រាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ី កុំបើកការឈ្លានពានអ៊ុយក្រែន មុនពេលការបិទបញ្ចប់ព្រឹត្តិការណ៍កីឡា Winter Olympics, ដោយថានេះជាការស្រង់សម្តីពីមន្ត្រីជាន់ខ្ពស់ ក្នុងរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ព្រមទាំងមន្ត្រីអឺរ៉ុបផងដែរ។

ការចុះផ្សាយនោះ បានលើកឡើងថា ទីក្រុងប៉េកាំង បានដឹងដោយផ្ទាល់ពីកម្រិតមួយចំនួន ស្តីពីផែនការសង្គ្រាម ឬក៏គោលបំណងរបស់រុស្ស៊ី មុនពេលការឈ្លានពានបានចាប់ផ្តើម កាលពីសប្តាហ៍មុន, ៤ថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍ Olympics ត្រូវបានធ្វើពិធីបិទបញ្ចប់ជាផ្លូវការ។

នៅពេលត្រូវបានសួរសំណួរ នៅឯសន្និសីទសារព័ត៌មាន នាថ្ងៃព្រហស្បតិ៍នេះ, ទីក្រុងប៉េកាំង បានច្រានចោលនូវរបាយការណ៍នេះ។

«ការចុះផ្សាយរបស់ New York Times គឺជាព័ត៌មានក្លែងក្លាយទាំងស្រុង។ វាជាប្រភេទព័ត៌មានបង្វែរ ដែលគួរឲ្យស្អប់ខ្ពើម», នេះបើតាមសម្តីអ្នកនាំពាក្យការបរទេសចិន លោក Wang Wenbin។

មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានអនុម័តយ៉ាងលើសលប់នូវដំណោះស្រាយថ្កោលទោស ការឈ្លានពានរបស់ទីក្រុង Moscow ដែលទាមទារឲ្យរុស្ស៊ី "ដកកងទ័ពជាបន្ទាន់" ចេញពីអ៊ុយក្រែន។ ចិន ស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបោះអនុប្បវាទ, ស្របពេលដែលប្រទេសចំនួន៥ ក្នុងនោះមាន អេរីទ្រា, កូរ៉េខាងជើង, ស៊ីរី, បេឡារុស្ស និងរុស្ស៊ី បានបោះឆ្នោតប្រឆាំង។

យោងតាមអង្គការសហប្រជាជាតិ សង្គ្រាមបានបណ្តាលឲ្យមនុស្សជាង១លាននាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែន៕