(ម៉ូស្គូ)៖ ការសម្រេចចិត្តរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យកងទ័ពរុស្ស៊ីបើកប្រតិបត្តិការយោធាវាយលុកចូលអ៊ុយក្រែន ដែលលោកខាងលិច ហៅថាជាទង្វើឈ្លានពាន បានបង្កឱ្យមានការភ័យខ្លាចដ៏ធំមួយ៖ នោះគឺថា «តើសង្រ្គាមនេះអាចនឹងផ្ទុះទៅជាសង្រ្គាមលោកលើកទី៣ ដែរឬទេ? លោក ពូទីនសម្រេចចិត្តជ្រើសរើសយកការធ្វើសង្រ្គាម ប្រហែលមកពីលោកដឹងច្បាស់ជាមុននៅក្នុងចិត្តថាអ៊ុយក្រែននឹងត្រូវទុកចោលឱ្យប្រយុទ្ធ ជាមួយកងទ័ពរុស្ស៊ី​តែម្នាក់ឯង។ តែប្រសិនជាលោកគិតថាអាមេរិក ឬប្រទេសជាសមាជិក NATO ទាំងអស់នឹងលូកដៃជួយ ម្ល៉េះមើលទៅសង្រ្គាមនឹងអាចផ្ទុះឡើងទេ។

ដូច្នេះយើងអាចសាកល្បងស្វែងយល់ពីអ្វីចេតរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប រួមទាំងអង្គការសហប្រជាជាតិ ហើយថាតើអ្វីបានជាលោក ពូទីន ជឿជាក់ លោកអាចធ្វើសង្រ្គាមនៅអ៊ុយក្រែន?

* អឺរ៉ុប

សង្រ្គាមលោកលើកទី២ បានបិទបញ្ចប់ទៅកាលពីជាង ៧៥ឆ្នាំ ដោយមនុស្សរាប់លាននាក់ត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមដែលមានរយៈពេល៥ឆ្នាំ ហើយទ្វីបអឺរ៉ុបវិញ ត្រូវបានបំផ្លាញទាំងស្រុង។ ម្លោះហើយ គ្មាននរណាផ្សេងដឹងពីផលវិបាកនៃសង្រ្គាមច្បាស់ជាងអឺរ៉ុបខ្លួនឯងនោះទេ។ អ៊ុយក្រែនជា ប្រទេសក្នុងតំបន់អឺរ៉ុប ហើយសង្រ្គាមក៏កំពុងកើតឡើងនៅលើទឹកដីអឺរ៉ុបដែរ មិនមែននៅលើទឹកដីសហរដ្ឋអាមេរិកដែលស្ថិតឆ្ងាយឆ្លងទ្វីបនោះឡើយ។ និយាយងាយស្ដាប់បើសង្រ្គាមផ្ទុះកាន់តែធំ គឺអឺរ៉ុបជាអ្នកប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៊ី។

ខណៈពួកគេទទួលស្គាល់ថាប្រតិបត្តិការយោធារបស់រុស្ស៊ីជាការបំផ្លិចបំផ្លាញ និងខុសច្បាប់អន្តរជាតិក៏ពិតមែន តែពួកគេមិនបាន ហើយនឹងមិនមិនលូក ដៃដោយផ្ទាល់ចូលក្នុងសង្រ្គាមនេះឡើយ ដោយបណ្ដាប្រទេសអឺរ៉ុបមួយចំនួនសុខចិត្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន និងប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ រុស្ស៊ី។ ប៉ុន្តែ រុស្ស៊ីដឹងថាទណ្ឌកម្មនេះមើលទៅក្រៅធ្ងន់ធ្ងរ តែការអនុវត្តប្រហែលជាមិនដូចការនិយាយនោះទេ ពីព្រោះថាអឺរ៉ុបទាំងមូលពឹងផ្អែកយ៉ាង ខ្លាំងលើថាមពលទិញរុស្ស៊ី។ ចូរចាំថា រុស្ស៊ីជាប់ទណ្ឌកម្មលោកខាងលិចតាំងតែពីឆ្នាំ២០១៤ មកម្ល៉េះ ជាពេលដែលរុស្ស៊ីក្រសោបយកតំបន់គ្រីមេ ពីអ៊ុយក្រែន។

កាលពីឆ្នាំ២០២១, ៣៨ភាគរយនៃហ្គាស ឬឧស្ម័នធម្មជាតិដែលបណ្ដាប្រទេសអឺរ៉ុបទិញ និងប្រើប្រាស់គឺមកពីរុស្ស៊ី។ ក្នុងនោះអាល្លឺម៉ង់ជាប្រទេសអឺរ៉ុប ពឹងផ្អែកខ្លាំងជាងគេលើឧស្ម័នរុស្ស៊ី ក្រោយទីក្រុងប៊ែរឡាំង បានបិទរោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ និងធ្យូងថ្ម។ នេះអាចជាហេតុផលមួយអាច ពន្យល់បានថាហេតុអ្វីអាល្លឺម៉ង់ដំបូងឡើយធ្លាប់បានបដិសេធការបញ្ជូនជំនួយយោធាដល់អ៊ុយក្រែន រហូតទាល់តែប៉ុន្មានថ្ងៃក្រោយនៃប្រតិបត្តិការយោធា របស់រុស្ស៊ី ទើបអាល្លឺម៉ង់ប្ដូរចិត្តប្រកាសបញ្ជូនអាវុធឱ្យអ៊ុយក្រែន។ និយាយពីការបញ្ជូនអាវុធនេះដែរ, គេកំពុងចោទសួរថាតើអាមេរិក និង NATO នឹង បញ្ជូនអាវុធទាំងនោះតាមវិធីណា នៅក្នុងបរិបទដែលរុស្ស៊ីកំពុងគ្រប់គ្រងដែនអាកាសអ៊ុយក្រែន ហើយមុននឹងអាវុធត្រូវបានបញ្ជូនទៅដល់តើវាសនា របស់អ៊ុយក្រែននឹងទៅជាយ៉ាងណា។

នៅមុនប្រតិបត្តិការយោធារបស់រុស្ស៊ី អាលឺ្លម៉ង់បានផ្អាកការដាក់ឱ្យដំណើរគម្រោងបំពង់ឧស្ម័ន ដែលមានទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ
អភិវឌ្ឍរួមគ្នាជាមួយរុស្ស៊ី។ ប៉ុន្តែ បំពង់ឧស្ម័ននេះត្រូវបានសាងសង់រួចរាល់ទៅហើយ នៅឡើយតែការដាក់ឱ្យប្រើប៉ុណ្ណោះ។ ការពឹងផ្អែកលើឧស្ម័នរុស្ស៊ី នេះហើយ អាចនឹងឱ្យលោក ពូទីន ប្រើវាជាអាវុធប្រឆាំងនឹងទណ្ឌកម្មលោកខាងលិច តាមរយៈការកាត់បន្ថយ ឬកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដែលនឹងបង្កការខូចខាតធ្ងន់ធ្ងរដូចគ្នាដល់សេដ្ឋកិច្ចអឺរ៉ុប។

* សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក បានផ្ដល់ការគាំទ្រដល់អ៊ុយក្រែន អំឡុងភាពតានតឹងជាច្រើនជាមួយរុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អាមេរិកក៏បាន និងកំពុងត្រួសត្រាយផ្លូវឱ្យអ៊ុយក្រែនចូលជាសមាជិក NATO ផងដែរ តែនេះជាបន្ទាត់ក្រហមរបស់រុស្ស៊ី។ វ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាយ៉ាង សន្ធឹកសន្ធាប់ដល់អ៊ុយក្រែន តែដាក់ទណ្ឌកម្មមានព្រំដែនកំណត់លើរុស្ស៊ី ហើយតាក់ទិចបែបនេះប្រហែលជានឹងមានការផ្លាស់ប្ដូរទេនៅក្នុង ទេសៈកាលៈសព្វថ្ងៃ។ ពីព្រោះខណៈសហរដ្ឋអាមេរិកជាមហាអំណាចយោធាលេខមួយនៅលើពិភពលោក តែរុស្ស៊ីក៏ជាមហាអំណាចយោធាលេខ២ នៅលើពិភពលោកដែរ។

ម្យ៉ាងវិញទៀត បើនិយាយពីនយោបាយនៅក្នុងស្រុក លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដឹងយ៉ាងច្បាស់ថាបច្ចុប្បន្ន ប្រជាជនអាមេរិកភាគច្រើន មិនចង់ឱ្យប្រទេសរបស់ពួកគេធ្វើសង្រ្គាមជាមួយរុស្ស៊ីឡើយ។ សហរដ្ឋអាមេរិក បានព្រមានអឺរ៉ុបជាច្រើនសប្ដាហ៍ថា រុស្ស៊ីអាចនឹងឈ្លានពានអ៊ុយក្រែន តែជាមួយគ្នា អាមេរិកខ្លួនឯងក៏បានដកកងទ័ពអាមេរិកចំនួនតូចចេញពីអ៊ុយក្រែន ហើយប្រកាសម្ដងជាពីរដងថានឹងមិនបញ្ជូនកងទ័ពឱ្យទៅអ៊ុយក្រែន ប្រយុទ្ធដោយផ្ទាល់នឹងកងទ័ពរុស្ស៊ីទេ។ ចាប់តាំងពីឆ្នាំ២០១៤មក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធា ក្នុងនោះរួមមានទាំងអាវុធយ៉ាងច្រើនឱ្យ អ៊ុយក្រែន លើសពីប្រទេសជាសម្ព័ន្ធមិត្តដទៃ ហើយសន្យាថាដាក់ទណ្ឌកម្មយ៉ាងធ្ងន់លើម៉ូស្គូ។

ប៉ុន្តែ ដូចគ្នាជាមួយអឺរ៉ុប រុស្ស៊ីយល់ថាទណ្ឌកម្មនេះនៅតែមានដែនកំណត់ ដោយហេតុថាសេដ្ឋកិច្ចអាមេរិកក៏កំពុងជួបបញ្ហាអតិផរណា និងតម្លៃឥន្ធនៈ ឡើងខ្ពស់ផងដែរ ដែលធ្វើឱ្យអាមេរិកស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មតឹងរ៉ឹងលើឧស្សាហកម្មប្រេង និងឧស្ម័នរុស្ស៊ី ជំនួសមកវិញនូវការដាក់ទណ្ឌកម្មលើ វិស័យធនាគារ។ ដ្បិតការធ្វើបែបនេះនឹងធ្វើឱ្យពិភពលោកខ្វះខាតថាមពល និងតម្លៃឡើងថ្លៃ ហើយវាក៏នឹងជះឥទ្ធិពលលើសេដ្ឋកិច្ចអាមេរិកដូចគ្នាដែរ។
នៅត្រង់ចំណុចនេះ គេអាចមើលពីជំហររបស់អង់គ្លេស យកមកធ្វើជាឧទាហរណ៍បាន នោះគឺទីក្រុងឡុងដ៍ បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថារុស្ស៉ី នៅតែអាចបន្តបញ្ជូនប្រេង និងឧស្ម័នទៅកាន់ចក្រភពអង់គ្លេសបាន ទោះបីបម្រាមត្រូវបានដាក់លើកប៉ាល់រុស្ស៉ីមិនឱ្យចូលកំពង់ផែអង់គ្លេសក៏ដោយ។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ អង់គ្លេសបានអនុម័តច្បាប់មួយ ដែលហាមឃាត់រាល់កប៉ាល់មានជាប់ពាក់ព័ន្ធជាមួយប្រទេសរុស្ស៉ី មិនឱ្យចូលកំពង់ផែ របស់ខ្លួននោះទេ ដែលវាផ្នែកនៃការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញការវាយប្រហារអ៊ុយក្រែន។

ច្បាប់នេះត្រូវអនុវត្តទៅលើកប៉ាល់ទាំងឡាយ ដែលរុស្ស៉ីជាម្ចាស់កម្មសិទ្ធិ, ជាអ្នកធ្វើប្រតិបត្តិការ, ជាអ្នកគ្រប់គ្រង, ជាអ្នកជួល ឬក៏កប៉ាល់ ដែលចុះឈ្មោះ ឬប្រើទង់ជាតិរុស្ស៉ី។ តែយ៉ាងណាក្តី បើតាមក្រសួងដឹកជញ្ជូនអង់គ្លេស ទណ្ឌកម្មខាងលើផ្តោតតែលើកប៉ាល់ផ្ទាល់ប៉ុណ្ណោះ មិនមែនទៅលើទំនិញរបស់ កប៉ាល់ឡើយ ដូច្នេះហើយមិនមានការហាមឃាត់ កប៉ាល់ដែលចុះបញ្ជីនៅប្រទេសផ្សេង ដឹកជញ្ជូនប្រេងនិងឧស្ម័នរុស្ស៉ីទៅកាន់ចក្រភពអង់គ្លេស នោះទេ។

* អង្គការសហប្រជាជាតិ

ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បានចែងថាគ្រប់ប្រទេសជាសមាជិកទាំងអស់ ត្រូវចៀសវាងឱ្យបាននូវការគំរាមកំហែង ឬប្រើប្រាស់កម្លាំងប្រឆាំង បូរណភាព ឬនយោបាយឯករាជ្យនៃរដ្ឋដទៃ។ ជាការពិត អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សន្តិភាព បន្ទាប់ពីសង្រ្គាមលោក លើកទី២ បិទបញ្ចប់ ហើយមានប្រទេស៥ ជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដូចជា អាមេរិក, អង់គ្លេស, បារាំង, ចិន និងរុស្ស៊ី ដែលត្រូវបាន គេចាត់ទុកថាជាអ្នកដឹកនាំសណ្ដាប់ធ្នាប់អន្តរជាតិ។ ប៉ុន្តែ រុស្ស៊ីសព្វថ្ងៃ គឺជាប្រទេសសមាជិក៣ នៃក្រុមប្រឹក្សាដែលបានឈ្លានពានរដ្ឋអធិបតេយ្យមួយ នៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។

កាលពីឆ្នាំ២០០៣ ទោះបីជាមានការជំទាស់សម្ព័ន្ធមិត្តខ្លួនឯង និងអង្គការសហប្រជាជាតិក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែចចែសឈ្លានពានដោយខុស ច្បាប់ចូលអ៉ឺរ៉ាក់ ដោយមានការគាំទ្រពីចក្រភពអង់គ្លេស។ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស នៅពេលនោះ បានគិតជាទុកមុនថា អាមេរិក នឹងមិនទទួលរងការខូចខាតពីទណ្ឌកម្មណាមួយទេ។ លោក ពូទីន ក៏ប្រហែលជាបានគិតដូចលោក ប៊ូសដែរ ពីព្រោះថាអស់ពេលជាច្រើនឆ្នាំ មកនេះ មិនមែនត្រឹមតែកំពូលមហាអំណាចដូចអាមេរិកទេ ដែលមិនខ្វល់ពីច្បាប់អន្តរជាតិ សូម្បីតែអ៉ីស្រាអែលក៏ហ៊ានបំពានដែរ។

អ៉ីស្រាអែលបានធ្វើអាណានិគដោយខុសច្បាប់រាប់សិបឆ្នាំហើយ លើដែនដីប៉ាឡេស្ទីន រីឯសហរដ្ឋអាមេរិកបានទទួលស្គាល់អធិបតេយ្យភាពរបស់ អ៉ីស្រាអែលលើតំបន់ Golan Heigth ដែលជាដែនដីមួយត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថាជាកម្មសិទ្ធិរបស់ស៊ីរី។ ម្លោះហើយ នៅក្រោម ជំនាន់លោក ពូទីន រុស្ស៊ីខ្លួនឯងបានធ្វើតេស្ដលើព្រំដែននៃច្បាប់អន្តរជាតិអស់ជាច្រើនឆ្នាំ មកទល់នឹងសព្វថ្ងៃ មុននឹងសម្រេចចិត្តវាយអ៊ុយក្រែន។
ពួកគេបានវាយប្រហារលហ្ស៊កហ្ស៊ី កាលពីឆ្នាំ២០០៨ និងក្រសោបយកតំបន់គ្រីមេពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ អ្វីដែល UN អាចធ្វើបាននោះគឺ ចេញដំណោះស្រាយដោយស្នើឱ្យរុស្ស៊ីប្រគល់គ្រីមេ ឱ្យអ៊ុយក្រែនវិញ។ លោក ពូទីនសម្រេចចិត្តវាយអ៊ុយក្រែន ក៏អាចមកពីលោកយល់ថាជំហរ
ទន់ខ្សោយបែបនេះនឹងកើតឡើងជាដដែលចំពោះរុស្ស៊ី។ ដូច្នេះ ខណៈអឺរ៉ុបនៅតែពឹងផ្អែកលើឧស្ម័នរុស្ស៊ី ហើយអាមេរិកមិនមានបំណងធ្វើសង្រ្គាម ចំណែកឯ UN នៅតែអសមត្ថភាព នោះមេដឹកនាំរុស្ស៊ីនឹងកំណត់នៅក្នុងចិត្តថាពួកគេអាចវាយប្រទេសក្បែរខាង ដោយមិនបារម្ភពីការផ្ទុះសង្រ្គាម លោកលើទី៣៕

ប្រភព៖ Al Jazeera (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២)