(កៀវ)៖ ក្រុមហ៊ុនគ្រឿងសង្ហារឹមយក្សស៊ុយអែត IKEA បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនានេះថា ខ្លួននឹងផ្អាកសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលប៉ះពាល់ដល់បុគ្គលិកជិត ១៥,០០០នាក់ ហាងចំនួន១៧ និងកន្លែងផលិតចំនួន៣ ដើម្បីជាការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិនា ឆ្នាំ២០២២។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន AFP ថា «សង្រ្គាមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់មនុស្សរួចទៅហើយ។ វាក៏បណ្តាលឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងលក្ខខណ្ឌពាណិជ្ជកម្មផងដែរ។ សម្រាប់ហេតុផលទាំងអស់នេះ ក្រុមហ៊ុន IKEA បានសម្រេចចិត្តផ្អាកប្រតិបត្តិការបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី»

ដោយឡែក ប្រតិបត្តិការនៅក្នុងប្រទេសបេឡារុស្សក៏នឹងត្រូវបញ្ឈប់ផងដែរ ទោះបីជាប្រទេសនេះមានអ្នកផ្គត់ផ្គង់តិចតួច និងមិនមានហាងក៏ដោយ នេះបើយោងតាម IKEA៕