(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន១១៨,៧៩០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១៥,១១៤ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៣,៩៥៦ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន៦,១៥២ករណី, ខេត្ត Bắc Ninh៥,៦៤៨ករណី និងខេត្ត Quảng Ninh ៣,៩៥៦ករណី។

ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៩៥នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន៣,៨៨៥,៦៣១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,៥៥០,៥២៥នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤០,៥៤៧នាក់៕