(ប៉េកាំង)៖ ឆ្នាំ២០២២នេះ មហាសន្និបាតទាំងពីរនឹងបើកការប្រជុំរបស់ខ្លួនលើកទី៥នីតិកាលទី១៣ ដោយមហាសន្និបាតសភា ប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) នឹងបើកសន្និបាតរបស់ខ្លួននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ហើយមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) នឹងបើកមហាសន្និបាតរបស់ខ្លួននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។ ជារៀងរាល់ឆ្នាំ ស្ថាប័ននយោបាយសំខាន់ទាំងពីររបស់ប្រទេសចិនជួបប្រជុំគ្នា ដើម្បីរៀបចំផែនការ សម្រាប់គោលនយោបាយរបស់ប្រទេសចិន ពាក់ព័ន្ធនឹងសេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ការទូត បរិស្ថាន ជាដើម។ ហើយជារៀងរាល់៥ឆ្នាំម្តង មហាសន្និបាតទាំងពីរនេះនឹងបិទបញ្ចប់នីតិកាលរបស់ខ្លួន។ មហាសន្និបាតទាំងពីរនេះជាតំណាងឆន្ទៈ របស់ប្រជាជាតិចិន ហើយជាទម្រង់ពិសេសនៃប្រជាធិបតេយ្យបែបពិគ្រោះយោបល់ និងជាគ្រឹះនៃប្រជាធិបតេយ្យ សម្រាប់មនុស្សជាតិនិយាយរួម និងសម្រាប់លទ្ធិសង្គមនិយមតាមបែបផែនចិន និយាយដោយឡែក។

ពិភពលោកគួរតែមានការយល់ដឹងពេញលេញ នូវការវិនិច្ឆ័យដ៏សំខាន់អំពីទម្រង់ និងឧត្តមានុភាពពិសេស នៃនយោបាយប្រជាធិបតេយ្យបែបពិគ្រោះយោបល់ នៃលទ្ធិសង្គមនិយមតាមបែបផែនចិន។ គោលបំណងនៃការដឹកនាំរបស់បក្សកុម្មុយនីស្តចិន នៅក្នុងការអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ គឺដើម្បីធានា និងគាំទ្រជំហររបស់ប្រជាជនដែលជាម្ចាស់នៃប្រទេស។ នេះមិនមែនគ្រាន់តែជាពាក្យស្លោក ឬក៏ពាក្យនិយាយរួចពីមាត់របស់បក្សកុម្មុយនិស្តចិនប៉ុណ្ណោះនោះទេ តែជាការអនុវត្តនូវរាល់សកម្មភាពនយោបាយ និងសង្គមរបស់ប្រទេស ហើយធានាដល់សិទ្ធរបស់ប្រជាជនក្នុងការគ្រប់គ្រងកិច្ចការរដ្ឋ សេដ្ឋកិច្ច និងវប្បធម៌ព្រមទាំងកិច្ចការសង្គម ដែលស្របតាមគោលការណ៍នីតិរដ្ឋ និងអភិបាលកិច្ចជាតិប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ ជាក់ស្តែងឆ្នាំ២០២១ បរិមាណទូទៅនៃទំហំសេដ្ឋកិច្ច ចិនបានឡើងដល់១៧.៧ទ្រីលានដុល្លារអាមេរិក ដែលបានកាន់លំដាប់ថ្នាក់ទីពីរលើពិភពលោកដោយនឹងនរ ផលិត ផលក្នុងស្រុកសរុបគឺ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៃប្រទេសចិនសម្រេចបាន ១២,០០០ដុល្លារអាមេរិក បានលើសពីកម្រិតគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៅលើពិភពលោក។

ប្រសិនជាយើងបានអានខ្លឹមសារទាំងស្រុងនៃសៀវភៅ «ប្រវត្តិសាស្រ្តសង្ខេបនៃការងារឃោសនាការរបស់បក្សកុម្មុយនិស្តចិន» នោះយើងនឹងយល់កាន់តែស៊ីជម្រៅ និងកាន់តែច្បាស់ពីគំនិតសង្គមនិយមជាមួយនឹង ចរិតលក្ខណៈពិសេសរបស់ចិនសម្រាប់យុគសម័យថ្មី នៃសតវត្សរ៍ទី២១ ប្រកាន់ខ្ជាប់នូវទស្សនៈរូបធាតុនិយមនៃប្រវត្តិសាស្ត្រ និងទស្សនៈត្រឹមត្រូវនៃប្រវត្តិសាស្ត្របក្ស ប្រកាន់ខ្ជាប់នូវគោលបំណងដើម ស្វែងរកសច្ចភាពពីតថភាព រក្សាសុចរិតភាព និងនវានុវត្តន៍ ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវ ដំណោះស្រាយជាប្រវត្តិសាស្ត្ររបស់បក្ស បញ្ជាក់ពីសារៈសំខាន់នៃការលើកតម្កើងកិត្យានុភាពជាតិ ប្រមូលផ្តុំដួងចិត្តប្រជាជន បេសកកម្ម និងភារកិច្ចបណ្តុះធនធានបន្តវេន ជំរុញឱ្យវប្បធម៌ចិនរស់ឡើងវិញ និងអភិវឌ្ឍរូបភាពដោយស្មោះត្រង់ កត់ត្រាប្រវត្តិសាស្រ្តដ៏អស្ចារ្យ និងសមិទ្ធផលសំខាន់ៗរបស់បក្សក្នុងការរំដោះប្រជាជាតិចិនចាកផុតពីភាពក្រីក្រ នាំប្រទេសជាតិឆ្ពោះបន្តនៅលើ មហាវិថីល្បឿនលឿននៃសេដ្ឋកិច្ច និងប្រកៀកស្មារជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ស្របតាមទិសដៅទៅកាន់សហគមន៍ជោគវាសនា រួមមនុស្សជាតិ។ ទាំងនេះសុទ្ធតែបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវការដាក់ចេញរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានលោកប្រធាន ស៊ី ជីនភីង ជាស្នូល និងមានការចូលរួមផ្តល់យោបល់ និងការសម្រេចពីមហាសន្និបាតទាំងពីរ ដែលបានរៀបរាប់ខាងលើ។

លើសពីនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺជាវិធានការដ៏សំខាន់មួយក្នុងការអនុញ្ញាតឲ្យប្រទេសចិន ក្នុងការអនុវត្តការបើកចំហចំពោះបរទេសគ្រប់ជ្រុងជ្រោយ ហើយក៏ជាវេទិកាដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះនាសម័យបច្ចុប្បន្ននេះ។ ប្រទេសចិនតែងបានបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដង ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះ ចាប់តាំងពីមជ្ឈដ្ឋានកម្រិតខ្ពស់ និងទស្សនវិស័យទូលំទូលាយដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រដ៏សំបូរបែប ហើយនិងត្រូវបំពាក់បំប៉នទៅដោយគោលគំនិតនវានុវត្តន៍ ដូច្នេះគំនិតផ្តួចផ្តើមនេះនឹងផ្តល់ នូវផលប្រយោជន៍កាន់តែធំនិងកាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងអស់ ដែលស្ថិតនៅតាមបណ្តោយផ្លូវសូត្រនេះយ៉ាងជាក់ច្បាស់។ ជាក់ស្តែងក្រៅពីថ្លែងសរសើរចិនថា បានយកចិត្តទុកដាក់ខ្ពស់ និងឈានមុខគេក្នុងការផ្តល់ឱសថ គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រមទាំងការប្តេជា្ញចិត្តចូលរួមពង្រឹងយុទ្ធសាស្ត្រ របស់ចិននេះបន្ថែមទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា៖ «ខ្ញុំមានចក្ខុវិស័យ អំពីការពង្រឹងបន្ថែមទៀតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលមានសមត្ថភាពក្នុងការនាំមក នូវសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ ដើម្បីចូលរួមចំណែកដល់ដំណើរការស្តារឡើងវិញ។ សន្ទុះវិជ្ជមានដែលសម្រេចបានក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវចាប់តាំងពីការបង្កើតមក បានរួមចំណែកដល់ការជំរុញ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កាលានុវត្តភាពវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន» ។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នេះ មានឬសគល់ពីផ្លូវសូត្របុរាណ ហើយផ្តោតទៅលើទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ប៉ុន្តែវាក៏បើកចំហទៅដល់ប្រទេសដទៃទៀតផងដែរ។ បណ្តាប្រទេសនានាដែលមកពីទ្វីបទាំង៥ គឺទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង និងអាមេរិកខាងត្បូង អាចក្លាយជាដៃគូនៅក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នេះ។ គំនិតផ្តួចផ្តើមនេះគួរតែត្រូវបានអនុវត្ត តាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់យ៉ាងទូលំទូលាយ ហើយគ្រប់គ្នាគួរតែទទួលបានផលប្រយោជន៍ពីវា។

ដោយឡែក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោក Dai Bin តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូត ដោយអំពានាវឱ្យប្រទេស G77និងចិន បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ។ លោក Dai Bin បានថ្លែងថា ក្នុងនាមជាយន្តការសហប្រតិបត្តិការដ៏ធំបំផុតនៃប្រទេសកំពុងអភិវឌ្ឍន៍ យើងគួរប្រកាន់ខ្ជាប់ នូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាស្នូល លើកកម្ពស់យ៉ាងប្រាកដប្រជា នូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ប្រទេសចិនចាត់ទុកការរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញជាការងារសំខាន់។ អនុវត្តពហុភាគីនិយមពិតប្រាកដ គាំពារយ៉ាងមុតមាំនូវប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ប្រកាន់ខ្ជាប់នូវគោលការណ៍ទំនួលខុសត្រូវរួម ប៉ុន្តែមានភាពខុសគ្នា ដាស់តឿនឱ្យប្រទេសអភិវឌ្ឍន៍បំពេញ ពាក្យសន្យារបស់ខ្លួនលើវិស័យមូលធន បច្ចេកវិទ្យា និងការកសាងសមត្ថភាព និងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ ដោយឯករាជ្យ ម្ចាស់ការ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩ ប្រទេសចិននឹងផ្តល់ប្រាក់ចំនួន៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីគាំទ្រដល់ការស្តារឡើងវិញសេដ្ឋកិច្ច នៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ។ ក្នុងឆ្នាំថ្មី ប្រទេសចិននឹងរក្សាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត ជាមួយរដ្ឋសមាជិកនៃប្រទេស G77 និយាយដោយឡែក ដល់ពិភពលោកនិយាយរួម និងចាត់ទុកយ៉ាងមុតមាំនូវប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ជាដៃគូដ៏ស្មោះត្រង់និងអាចជឿទុកចិត្តបាន។

ទាំងនេះសុទ្ធសឹងជាសក្ខីភាពដែលបានគូសបញ្ជាក់ថា អភិបាលកិច្ចប្រទេសចិនមិនត្រឹមផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចិនទទួលបាននូវជីវភាពសមរម្យប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវទំហំកាន់តែធំនៃនំខេក ជូនដល់ពិភពលោកថែមទៀតផង។ លើសពីនេះ លោក ស៊ី ជីនភីង ធ្លាប់បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ច មិនអាចប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ឯការអភិរក្សអេកូបរិស្ថាន ក៏មិនមានន័យថាត្រូវលះបង់ចោល ការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ។ ប្រទេសចិនប្រកាន់ខ្ជាប់ទស្សនៈដែលថា ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ បានជំរុញអភិរក្សនិងការគ្រប់គ្រងជាប្រព័ន្ធទាំងភ្នំ ទឹក ព្រៃ ដីស្រែ បឹងបួរ វាលស្មៅ និងវាលខ្សាច់ ចិនបានខិតខំពេញទំហឹងក្នុងការកសាងអរិយធម៌អេកូឡូស៊ី ខិតខំពេញទំហឹងបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថាន ក៏ដូចជាខិតខំពេញទំហឹងដើម្បីកែលម្អបរិស្ថាន ធ្វើការផលិត និងជីវភាពរស់នៅរបស់ប្រជាជន»។

ជារួម ពិភពលោកបានជឿជាក់ថា ផ្លូវសង្គមនិយមតាមបែបផែនចិន គឺជាមហាវិថីល្បឿនលឿនឆ្ពោះទៅរកការធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនចិននិយាយដោយឡែក សម្រាប់មនុស្សជាតិទូទៅនិយាយរួម។ វានឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថា ពិភពលោកទាំងមូលបានជឿដូចទៅនឹងប្រជាជាតិចិនថា ប្រព័ន្ធទ្រឹស្ដីនៃសង្គមនិយមតាមបែបផែនចិន គឺជាទ្រឹស្តីត្រឹមត្រូវក្នុងការដឹកនាំបក្សនិងប្រជាជន ឆ្ពោះទៅរកភាពជឿនលឿននៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។ វាគឺជាប្រព័ន្ធទ្រឹស្ដីវិទ្យាសាស្រ្តមួយដែលសមស្របទៅតាមពេលវេលា។ ពិភពលោកមិនមានអ្វីសង្ស័យដែលថា សង្គមនិយមតាមបែបផែនចិន គឺជាការធានាជាមូលដ្ឋាននូវការធ្វើទំនើបកម្ម និងការអភិវឌ្ឍរបស់ចិន។ វាគឺជាប្រព័ន្ធមួយដែលមានលក្ខណៈពិសេសចិនដែលមានភាពខ្លាំងក្លា ច្បាស់លាស់ និងយន្ដការកែលម្អដោយខ្លួនឯង។ ហេតុនេះ មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន ទើបជាមូលដ្ឋានពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យ និងជាការសម្រេចចិត្តរបស់ប្រជាជនដែលជាម្ចាស់ប្រទេស និងជាការតម្កល់បាននូវផលប្រយោជន៍ជាអាទិភាព និងពិតប្រាកដជូនដល់ប្រជាជាតិចិន និងមនុស្សជាតិនៅលើពិភពលោក៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន