(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រគល់មេដាយថ្នាក់ខ្ពស់បំផុតមួយជូនដល់ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) សម្រាប់ការប្រឹងប្រែងចូលរួមចំណែករបស់លោក ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២។

ក្នុងឱកាសទទួលជួបពិភាក្សាជាមួយលោក Pompeo នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ លោកស្រី Tsai បានសម្តែងការអរគុណដល់រូបលោក សម្រាប់ការជួយជ្រោមជ្រែងតៃវ៉ាន់ កាលពីពេលកន្លងមក ហើយលោកស្រីបានថ្លែងយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចរបស់មិត្តដ៏ល្អ ដូចជាលោក Pompeo គឺជាសក្ខីភាពនៃចំណងមិត្តភាពយ៉ាងរឹងមាំ រវាងតៃវ៉ាន់និងអាមេរិក»

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានបំពាក់នូវមេដាយកិត្តិយសហៅថា អរដឺ អហ្វ ដឹ ប៊្រីលៀន ស្តា វីដ ហ្រ្គែន ខ័រដូន (Order of the Brilliant Star with Grand Cordon) ដល់លោក Pompeo។ អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ដូណាល់ រាំស្វែល (Donald Rumsfeld) គឺជាបុគ្គលម្នាក់ទៀត ដែលធ្លាប់ទទួលបានមេដាយកិត្តិយកនេះពីតៃវ៉ាន់។

គួរបញ្ជាក់ថា ពេលដែលលោក ចូ បៃដិន បានឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១ លោក Pompeo ហើយនិងមន្រ្តីកំពូលៗ ២៧រូបទៀត នៃជំនាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានចិនដាក់ទណ្ឌកម្ម។ អតីតប្រមុខការទូតអាមេរិករូបនេះ ធ្លាប់បានបង្កឱ្យទីក្រុងប៉េកាំងរង្គាសចិត្តខ្លាំង ដោយសារតែការរិះគន់ជាច្រើនលើកច្រើនសារបស់លោកចំពោះចិន ជាពិសេស ចំពោះគណបក្សកុម្មុយនិស្តចិនតែម្តង បូករួមជាមួយការគាំទ្ររបស់លោក ចំពោះកោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកត្រឹមជាខេត្តមួយរបស់ខ្លួន៕