(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានព្រមានពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ឱ្យបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយសំអាងលើការបារម្ភពីស្ថានភាពសន្តិសុខនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររបស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ស្ថានទូតចិនបានបញ្ជាក់ដូច្នេះថា «វាអាចនឹងមានការស្អប់ ឬការរើសអើងប្រឆាំងជនជាតិចិន នៅក្នុងសហរដ្ឋអាមេរិក ហើយពលរដ្ឋអាស៊ីអាចនឹងប្រឈមមុខនឹងការវាយប្រហារ ដែលបង្កឡើងដោយការរើសអើង ដែលនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពពលរដ្ឋចិន»

គួរបញ្ជាក់ថា បើតាមស្ថានទូតចិន និស្សិត និងអ្នកធ្វើការជាជនជាតិចិន នៅក្នុងសហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងចំណោមក្រុមមនុស្សដែលងាយរងគ្រោះជាងគេ៕