(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិមួយលើករបស់អាមេរិក បានបង្ហាញឱ្យឃើញថា ប្រជាជនអាមេរិកលើសពីពាក់កណ្តាលសម្គាល់ឃើញថា ឆ្នាំ២០២១ ជា «ឆ្នាំដ៏អាក្រក់បំផុតក្នុងជីវិតរបស់ពួកគេ»។ នេះជាសំឡេងរួមរបស់ប្រជាជនអាមេរិក ដែលបានឆ្លុះបញ្ចាំងថា សភាពការណ៍សិទ្ធិមនុស្សរបស់អាមេរិក កំពុងមានភាពអាប់អួថែមមួយកម្រិតទៀត។

«របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ ២០២១» ដែលចេញផ្សាយដោយរដ្ឋាភិបាលចិន នៅថ្ងៃទី២៨ ខែកុម្ភៈ បានប្រើប្រាស់ទិន្នន័យលម្អិត និងករណីជាច្រើនក្នុងន័យបង្ហាញឱ្យឃើញថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកមិនត្រឹមតែ មិនបានលុបបំបាត់សភាពការណ៍សិទ្ធិមនុស្សដ៏អាក្រក់របស់ខ្លួនប៉ុណ្ណោះទេ ផ្ទុយទៅវិញ ថែមទាំងក៏បែរជាជាប់ជំពាក់បំណុលសិទ្ធិមនុស្ស កាន់តែច្រើនផងដែរ។

គួររំលឹកថា ក្នុងនោះ ការទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាការចំអកយ៉ាងខ្លាំងចំពោះអ្វីដែលហៅថា «សិទ្ធិមនុស្សបែបអាមេរិក» ដែលអ្នកនយោបាយអាមេរិកតែងតែអួតអាងនោះ។ នៅឆ្នាំ២០២១ អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុប៣៤.៥១ករណី និងករណីស្លាប់ដល់ទៅ ៤៨ម៉ឺននាក់ ដែលមានចំនួនលើសពីឆ្នាំ២០២០ យ៉ាងច្រើន ហើយទិន្នន័យទាំងពីរនេះសុទ្ធតែស្ថិតនៅលំដាប់ទីមួយ ក្នុងចំណោមបណ្តាប្រទេសនានានៅលើពិភពលោក។ អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនអាមេរិក បានកាត់បន្ថយ ១.១៣ឆ្នាំ ដែលជាកម្រិតធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ លោក Michael Hiltzik អ្នកនិពន្ធនៃទំព័រពិសេសរបស់កាសែត «The Los Angeles Times» របស់អាមេរិក បានចុះផ្សាយអត្ថបទថា ឆ្នាំ២០២១ ជាមួយឆ្នាំដ៏ឆោតល្ងង់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។

ក្រៅពីបានទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏មានកត្តាផ្សេងទៀតជាច្រើន ដែលបណ្តាលឱ្យសភាពការណ៍សិទ្ធិមនុស្សរបស់អាមេរិក មានភាពអាប់អួពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមរបាយការណ៍នេះបានបង្ហាញឱ្យឃើញថា គ្រាន់តែនៅឆ្នាំ២០២១ ប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏បានកើតហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៦៩៣លើកទៅហើយ ដែលកើនឡើង ១០.១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារទាំងនេះ បានបណ្តាលឱ្យមនុស្សលើសពី ៤៤,០០០នាក់ស្លាប់បាត់បង់ជីវិត។

ព្រមពេលជាមួយគ្នានេះ នៅឆ្នាំ២០២១ ក្នុងវិស័យប្រជាធិបតេយ្យដែលអាមេរិកតែងតែឃោសនាបំប៉ាងនោះ ក៏មិនបានទទួលផ្លែផ្កាអ្វីសោះផងដែរ។ អ្នកណាក៏នឹកស្មានមិនដល់ថា អាមេរិកដែលអួតអាងថា ខ្លួនជា «ប៉មប្រជាធិបតេយ្យ» មានរដ្ឋចំនួន ៤៩ បានលើកឡើងសេចកី្តព្រាងច្បាប់ចំនួនជាង៤២០ ដើម្បីដាក់កំហិតទៅលើការបោះឆ្នោតរបស់អ្នកបោះឆ្នោត មានតែយុវជនអាមេរិកចំនួន ៧ភាគរយប៉ុណ្ណោះ ដែលសម្គាល់ឃើញថា ប្រព័ន្ធប្រជាធិបតេយ្យរបស់អាមេរិកនៅតែ «មានភាពរឹងមាំ» ដោយឡែកការមានទំនុកចិត្តរបស់ប្រជាជនអាមេរិក ចំពោះរដ្ឋាភិបាលគឺ «ខិតជិតកម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្តចាប់តាំងពីឆ្នាំ ១៩៥៨ មក។

ជាងនេះទៅទៀត ឆ្នាំ២០២១ រូបភាពរបស់អាមេរិកដែលជា «អ្នកគាំពារសិទ្ធិមនុស្ស» ក៏បានដួលរលំទាំងស្រុងលើឆាកអន្តរជាតិផងដែរ។ ពីការផ្ទុះព្រឹត្តិការណ៍ចលាចលនៅវិមានរដ្ឋសភាកាលពីខែមករា ដល់ការដកទ័ពចេញពីអាហ្វហ្កានីស្ថានយ៉ាងប្រញាប់ប្រញាល់ កាលពីខែសីហា រហូតដល់អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យរបស់មេដឹកនាំ» ដែលរៀបចំធ្វើកាលពីខែធ្នូ ឆ្នាំ២០២១ បានបញ្ចប់ដោយភាពគួរឱ្យអស់សំណើច អាមេរិកបានបង្ហាញទៅកាន់ពិភពលោកដោយការអនុវត្តជាក់ស្តែងថា តើកេរ្តិ៍ឈ្មោះនៃ «សិទ្ធិមនុស្សបែបអាមេរិក» បានធ្លាក់ចុះយ៉ាងគំហកយ៉ាងដូចម្តេច។

ការពិតជាក់ស្តែងបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនិយាយតែមាត់ថា «ប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» តាមការពិត ពួកគេបែរជាបានស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ពោលគឺក្នុងវចនានុក្រមរបស់អ្នកនយោបាយអាមេរិក «សិទ្ធិមនុស្ស» ដែលពួកគេបានឃោសនាបំប៉ោងនោះ តាមពិតទៅ គឺធ្វើអនុត្តរភាព។ ដូច្នេះ ក្នុងមហាសន្និបាតលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានប្រទេសជាច្រើនបានរិះគន់អាមេរិកថា ជា «អ្នកបំផ្លិចបំផ្លាញខ្លាំងបំផុត នៃបុព្វហេតុសិទ្ធិមនុស្សដ៏ធំបំផុត»។

សូមដាស់តឿនអ្នកនយោបាយអាមេរិក កុំយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេសទៀត គួរតែឆ្លុះកញ្ចក់ដើម្បីពិចារណាពីកំហុសរបស់ខ្លួនសិន៕