(ប៉េកាំង)៖ ប្រទេសចិនតែងបានដើរតួនាទីសំខាន់និងឈានមុខគេ នៅក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅរបស់ជនពិការ ឬជនដែលមានពិការភាព។ កីឡាប៉ារ៉ាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅរដ្ឋធានីប៉េកាំង ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ជាសក្ខីភាពដែលមិនអាចប្រកែកបាន នៃការផ្តល់អាទិភាពដល់ជនពិការ ឬជនដែលមានពិការភាព។ កីឡាប៉ារ៉ាឡាំពិកត្រូវបានរៀបចំឡើង ស្របគ្នាជាមួយនឹងកីឡាអូឡាំពិក ដែលទទួលស្គាល់ដោយ IOC រួមមានអត្តពលិកដែលមានពិការភាពបញ្ញា និងអត្តពលិកដែលមានពិការភាពនៃការស្តាប់ (ថ្លង់) ទៀតផង។

ភាពជោគជ័យនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ដែលទើបនឹងបិទបញ្ចប់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ជាសក្ខីកម្មយ៉ាងប្រចក្ស ដែលពិភពលោកមិនអាចប្រកែកបានពីភាពអស្ចារ្យនៃការគ្រប់គ្រង និងការរៀបចំការប្រកួត នៅក្នុងស្ថានភាពដែលពិភពលោក ទទួលរងនូវការរីករាតត្បាតនៃជំងឺ Covid-19។ ប្រទេសចិនដែលជាអ្នកយកចិត្តទុកដាក់ខ្លាំង លើសុខភាពរបស់ជនពិការ ហើយតែងយល់ថាជនពិការជាជនងាយរងគ្រោះ ទើបប្រទេសចិនមានសុទិដ្ឋិនិយម និងបង្ហាញនូវប្តេជ្ញាចិត្តខ្ពស់ប្រកបដោយទំនួលខុសត្រូវ ទាំងផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ទាំងផ្នែកមនុស្សធម៌ ហើយគោរពយ៉ាងខ្ជាប់ខ្ជួនទៅនឹងគុណតម្លៃរបស់កីឡាអូឡាំពិក។ ការរៀបចំប្រកួតកីឡាប៉ារ៉ាអូឡាំពិករដូវរងារដ្ឋធានីប៉េកាំង ពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់ ជាពិសេសលើជនដែលមានពិការភាព ហើយក៏ចាក់បញ្ចូលនូវធាតុសំខាន់ នៃជំនឿចិត្តលើការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយក្តីសង្ឃឹមនិងអនាគតរួមគ្នា។ ពិភពលោកនឹងមិនមានភាពមន្ទិល ឬសង្ស័យពីវិធានការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដែលបានដាក់ចេញដោយ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការធានាបានទាំងស្រុងនូវសុខភាពរបស់អត្តពលិកទាំងអស់ និងចូលរួមជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្នុងការសម្រេចបាននូវ ការប្រកួតកីឡាប៉ារ៉ាអូឡាំពិក ប្រកបដោយភាពរលូនតាមការគ្រោងទុក និងស្របតាមនិយាមរបស់អន្តរជាតិ។

ប្រសិនជាយើងក្រឡេកទៅមើលសារបាននៃការរៀបចំកីឡាប៉ារ៉ាអូឡាំពិកវិញ យើងឃើញថា កីឡាប៉ារ៉ាអូឡាំពិក បានរីកចម្រើនក្នុងឆ្នាំ១៩៤៨ ពីការប្រមូលផ្តុំនៃក្រុមអតីតយុទ្ធជនរបស់អង់គ្លេស ដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី២ ដើម្បីក្លាយជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតមួយ នៅដើមសតវត្សរ៍ទី២១។ នេះជាការបង្ហាញពីការផ្តល់ឱកាសដល់ជនពិការពីសង្គ្រាម ឬផ្តល់ឱកាសដល់ជនពិការទូទៅ បានចូលរួមបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងស្មារតីកីឡា ដើម្បីជាសក្ខីភាពនៃការលើកកម្ពស់សិទ្ធិមនុស្សជាទូទៅ សិទ្ធិជនពិការជាពិសេស។ ក្នុងន័យនេះ ប្រទេសចិនជាប្រទេស ដែលមានជនរងគ្រោះច្រើនជាងគេពីសង្គ្រាម ព្រោះប្រទេសចិនរងគ្រោះដោយ សង្គ្រាមអយុត្តិធម៌ និងសង្គ្រាមឈ្លានពានសព្វបែបយ៉ាងពីបរទេស តែប្រទេសចិនបានប្រែក្លាយជាជនរងគ្រោះ ទៅជាអ្នកផ្តល់ក្តីសង្ឃឹម ផ្តល់នូវការលើកទឹកចិត្តសម្រាប់ប្រជាជនទូទៅ ជាពិសេសជនដែលមានពិការភាព ឬជនពិការ ក្នុងការចូលរួមក្នុងគ្រប់សកម្មភាពសង្គម រួមទាំងប្រឡូកនៅក្នុងវិស័យកីឡាផងដែរ។

សកម្មភាពជាក់ស្តែងទាំងនេះ ពិភពលោកបាននិងកំពុងទន្ទឹងរង់ចាំថ្ងៃប្រកួតកីឡាប៉ារ៉ាអូឡាំពិករដូវរងា ឈានមកដល់ក្នុងពេលឆាប់ៗ ហើយជនពិការ ឬជនដែលមានពិការភាពក៏បានតាមដាន និងទទួលបាននូវផលប្រយោជន៍យ៉ាងច្រើនពីប្រទេសចិន ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅក្នុងជំនួបទ្វេភាគីពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា «ការងារបោសសម្អាតមីន នៅតែមានការចូលរួមគាំទ្រយ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងនោះប្រទេសចិនគឺជាមិត្តដ៏សំខាន់មួយ ដែលបានជួយដល់កម្ពុជាលើការបោសសម្អាតមីន» ហើយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន២,៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សម្រាប់រយៈពេល១២ខែ ក្នុងឆ្នាំ២០២២ នេះបើតាមលោក ហេង រតនា អគ្គនាយក CMAC។

ទាំងនេះសុទ្ធសឹងជាស្មារតីនៃការផ្តល់តម្លៃខ្ពស់ដល់ជនពិការ ឬជនដែលមានពិការភាព ទោះស្ថិតនៅក្នុងទម្រង់ណាក៏ដោយ ឬដោយមូលហេតុអ្វីក៏ដោយ ក៏ប្រជាជននិងរដ្ឋាភិបាលចិនឈរលំដាប់ថ្នាក់ទី១ នៅក្នុងការលើកកម្ពស់សិទ្ធិរបស់ជនពិការ និងបន្តការលើកទឹកចិត្តដល់គ្រប់អង្គពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់ជនពិការ។ ប្រទេសចិនតែងឈានមុខ និងនាំមុខលើការអនុវត្តតាមខ្លឹមសារទាំងស្រុងនៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ហើយប្រទេសចិនមិនដែលរួញរាក្នុងការចូលរួមលើកកម្ពស់ប្រជាធិបតេយ្យ ដូចទៅនឹងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ជាមូលដ្ឋានរបស់ប្រទេសចិន ឬសង្គមនិយមតាមបែបផែនចិន ដែលបានផ្តល់នូវសុភមង្គលដល់ប្រជាជនចិន និយាយដោយឡែក ដល់មនុស្សជាតិទូទៅនិយាយរួម។ ក្នុងន័យនេះ ជើងឯកធានាសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តវិធានសុខាភិបាល គោរពសិទ្ធិមនុស្សដែលជាពិសេសសិទ្ធិជនពិការ និងការអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ នោះគឺប្រទេសចិន។

ជារួម ស្មារតីនៃពិធីកីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាអូឡាំពិកឆ្នាំ២០២២ គឺជាការចាក់បញ្ចូលនូវធាតុដ៏សំខាន់នៃកម្លាំងសាមគ្គី កិច្ចសហប្រតិបត្តិការ ដែលស្របនឹងទស្សនវិជ្ជារបស់ចិន ស្របនឹងវប្បធម៌-អរិយធម៌ដ៏ថ្កើងថ្កានជាង៥០០០ឆ្នាំ របស់ប្រទេសចិន ដើម្បីប្រកៀកស្មាររួមគ្នាជាមួយពិភពលោក ទៅកាន់សហគមន៍ជោគវាសនារួម និងក្តីសង្ឃឹមសម្រាប់ពិភពលោកក្នុងការបន្ត នូវយន្តការពហុភាគីនិយម និងការបង្កើនមិត្តភាព ព្រមទាំងចូលរួមដល់ការអភិវឌ្ឍពិភពលោក ដូចទៅនឹងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានវត្តមាននៅទូទាំងពិភពលោក ក្នុងការរួមកម្លាំងជាសម្លេងរួមគ្នាការពារសិទ្ធិមនុស្ស និងផលប្រយោជន៍កាន់តែធំដល់មនុស្សជាតិ ដែលជាពិសេសជនងាយរងគ្រោះ ជនពិការ ឬជនដែលមានពិការភាព៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន